ភ្នំពេញ ៖ គម្រោងលើកកម្ពស់សុខភាព ធ្វើឲ្យស្រ្តីនៅកម្ពុជាជាច្រើន បានយល់ដឹងបញ្ហាសុខភាព ជាពិសេសជំងឺមហារីក និងសារៈសំខាន់ក្នុង វិធានការនៃការការពារ និងបានផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងហ៊ានសម្រេចចិត្តទៅទទួលយកសេវា ថែទាំសុខភាពនៅមូលដ្ឋាន សុខាភិបាលជាដើម។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី Jane Tay Yu Ling អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោកជំទាវ កិត្តិបណ្ឌិត បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ លើការ អនុវត្តគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា ដែលមានរយៈពេល៥ឆ្នាំ (ឆ្នាំ២០២២ដល់ឆ្នាំ២០២៦), ដោយ គម្រោងនេះផ្តោកលើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុខភាព ជំងឺមហារីកសុដន់, មហារីកមាត់ស្បូន, អាហារូបត្ថម្ភ និងចំណេះដឹង ហិរញ្ញវត្ថុជាដើម។
លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្តថា បន្ទាប់ពីការអនុវត្តគម្រោងជាប់២ឆ្នាំកន្លងនេះ ឃើញថា ស្រ្តីមានការយល់ដឹងច្រើន ទាក់ទងនឹងជំងឺមហារីក និងសារៈសំខាន់ក្នុងវិធានការនៃការការពារ ចេះពិនិត្យរកជំងឺមហារីកសុដន់ដោយខ្លួនឯង ដើម្បីព្យាបាលឱ្យទាន់ ពេលវេលា។ ទន្ទឹមនឹងនេះ គម្រោងលើកកម្ពស់សុខភាព ក៏បានជម្រុញឲ្យប្រជាជនផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងហ៊ានសម្រេច ចិត្តទៅទទួលយកសេវាថែទាំសុខភាព នៅមូលដ្ឋានសុខាភិបាលឱ្យបានឆាប់បំផុត។
ក្នុងជំនួបនេះ, លោកស្រី Jane Tay Yu Ling អគ្គនាយិកា បានថ្លែងអំណរគុណ ចំពោះលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ដែលតែងតែងគាំទ្រ និងផ្តល់កិច្ចសហការដល់ល្អជាមួយក្រុមហ៊ុន ក្នុងការអនុវត្តសកម្មភាពកន្លងមក ហើយរំពឹងថា បេសកម្មនេះនឹងបន្តប្រកបទៅដោយផ្កែផ្កា ក្នុងការជួយលើកកម្ពស់ចំណេះដឹង ស្របទៅនឹងចក្ខុវិស័យនៃកិច្ចសហការ និងជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ និងលើកទឹកចិត្តស្ត្រីឱ្យមកទទួលការពិនិត្យរោគវិនិច្ឆ័យ និងស្វែងយល់ លម្អិតអំពីជំងឺនេះ ក៏ដូចជារបៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបាន ឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




