
រ៉ុក្កែតដែលបានបាញ់ចេញពីប្រទេសលីបង់នៅថ្ងៃពុធនេះ ត្រូវចំដំបូលផ្ទះប្រជាពលរដ្ឋ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ។
គ្មានគ្រោះថ្នាក់ ត្រូវបានរាយការណ៍នោះទេ នៅទីក្រុង Kiryat Shmona គឺជាទីក្រុងដែលប្រជាពលរដ្ឋភាគច្រើន ត្រូវបានជម្លៀសចេញអស់រយៈពេលជាច្រើនខែមកហើយ ស្របពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមជីវពលនៅប្រទេសលីបង់ កាន់តែឡើងកម្តៅខ្លាំងបន្តិចម្តងៗ ។
ក្រុមប្រដាប់អាវុធដែលជាខ្សែបណ្តាញរបស់ក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា ពួកគេបានបាញ់មីស៊ីល ២គ្រាប់ ចេញពីតំបន់ភាគខាងត្បូងលីបង់ ទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ជាការសងសឹកនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។
កងទ័ពអ៊ីស្រាអែល និយាយថា ពួកគេវាយប្រហារគោលដៅនៅតំបន់ភាគខាងត្បូងលីបង់ ជាការឆ្លើយតបនឹងការបាញ់មីស៊ីលនេះ រួមទាំងការបាញ់រ៉ុក្កែត ១០គ្រាប់ ដែលភាគច្រើននៃគ្រាប់រ៉ុក្កែតទាំងនេះ ត្រូវបានបាញ់ស្កាត់ ។
ខណៈពេលនោះដែរ ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ២៩.៩០០ នាក់ហើយ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ នេះបើយោងតាមការអះអាងរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ។
ដោយឡែក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៦ នាក់ និងបង្ករបួស ១៧២ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៨៧៨ នាក់ និងរបួសដល់ ៧០.២១៥ នាក់ ៕