ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់បកស្រាយថា រូបភាពដែលបង្ហោះលើបណ្តាញសង្គមនានា ពាក់ព័ន្ធទៅនឹងឧបករណ៍នេសាទនៅលើផ្ទៃបឹងទន្លេសាបស្ថិតនៅតំបន់ឃុំផាត់សណ្តាយ ខេត្តកំពង់ធំ គឺជារូបភាពពិតប្រាកដ ហើយឧបករណ៍ទាំងនោះទៀតសោត មិនមែនជាឧបករណ៍ខុសច្បាប់នោះទេ ដោយបានប្រើប្រាស់យូរហើយដែរ។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្តាយ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ បានពន្យល់យ៉ាងលម្អិតថា រូបភាពដែលសាធារណៈជនបានឃើញ និងចែកចាយជាបន្តបន្ទាប់គ្នានោះ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្លុកបាយក្អែក” នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើបឹងទន្លេសាប ឬច្រកផ្លូវដែលត្រីឆ្លងកាត់នោះឡើយ។
ឯកឧត្តម បានរៀបរាប់បន្តថា ឧករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ដែលទំហំក្រឡា និងប្រវែងរបាំងសាច់អួនទាំងអស់នោះ គឺធ្វើឡើងស្របទៅតាមច្បាប់កំណត់របស់រដ្ឋបាលជលផល។ ឯកឧត្តម បានបន្ថែមទៀតថា រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃរបាំងសាច់អួន និងកាត់តម្រឹមប្រវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែលនៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រហូតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប ៥៣វង់ ម៉ាញ់១៤វង់ ឆក់ត្រជាក់និងក្តៅ១៤៧៣គ្រឿង ឈិបយន្ត២៣គ្រឿង អួនហ៊ុម៣៣វង់ របាំងស្បៃមុងនិងសាច់អួនជាង ១,៦លានម៉ែត្រ លូនិងលប១៥,២២៩មាត់ បង្គោលចម្រឹង ៧៦៨,២១១ដើម ឈ្នក់រួមផ្សំភ្លើង១១៩វង់ កាណូត១៧៦គ្រឿង ម៉ាស៊ីន៨៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ៧១ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន៣១នាក់៕ អត្ថបទ ៖ ឈិត បូរ៉ាវី







