
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រីច (Bezalel Smotrich) បានសន្យាថា នឹងបន្តពង្រីកការតាំងទីលំនៅនៅតំបន់វេសបែង(West Bank) ដោយប្រឆាំងនឹងសម្ពាធអន្តរជាតិលើអ៊ីស្រា អែលឲ្យបញ្ឈប់ការសាងសង់នៅលើដីដែលប៉ាឡេស្ទីនមើលឃើញថា ជាចំណុចសំខាន់នៃរដ្ឋឯករាជ្យនាពេលអនាគត។
កាលពីល្ងាចថ្ងៃអង្គារ លោកស្មូទ្រីច បានប្រកាសពីការយល់ព្រមលើការតាំងទីលំនៅថ្មីដែលមានឈ្មោះថា Mishmar Yehuda នៅតំបន់ភ្នំ Gush Etzion ជាចង្កោមនៃការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វដែលមានទីតាំងនៅភាគខាងត្បូងនៃក្រុងហ្ស៊េរុយសាឡឹម ហើយបាននិយាយថា ការងារនឹងបន្តលើការអនុញ្ញាតឲ្យ មានការតាំងទីលំនៅបន្ថែមទៀត។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងបន្តសន្ទុះនៃការតាំងទីលំនៅ នៅទូទាំងដែនដីនេះ។
ចំណាត់ការនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការតាំងទីលំនៅរបស់ជនជាតិ ជ្វីហ្វ នៅតំបន់វេសបែងថា មិនស្របនឹងច្បាប់អន្តរជាតិ ដោយត្រឡប់ទៅកាន់ជំហររបស់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយដែលត្រូវបានបដិសេធដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump)។