
អ្នកនាំពាក្យតំណាងឲ្យសពលោក Alexei Navalny បាននិយាយថា ពិធីបុណ្យសព និងបញ្ចុះសពរបស់មេដឹកនាំប្រឆាំងរូបនេះ នឹងធ្វើឡើងនៅទីក្រុងមូស្គូ នាថ្ងៃសុក្រ (ទី១ ខែមីនា) បន្ទាប់ពីការស្វែងរកសាលតម្កល់សព ដើម្បីអាចឲ្យអ្នកគាំទ្របានចូលគោរពលាគ្នាជាមួយលោក បានបរាជ័យ។
លោកស្រី Kira Yarmysh អ្នកនាំពាក្យតំណាងឲ្យសព បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ពិធីបុណ្យសម្រាប់លោក Navalny នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រវេលាម៉ោង ២រសៀល ម៉ោងនៅទីក្រុងម៉ូស្គូ ក្នុងព្រះវិហាររូបតំណាងនៃមាតាព្រះជាម្ចាស់ ក្នុងតំបន់ Maryino របស់ទីក្រុងមូស្គូ។ លោកស្រីប្រាប់មនុស្សម្នាត្រូវទៅទីនោះឲ្យបានលឿន។ លោកស្រីបាននិយាយថា សពលោក Navalny បន្ទាប់មកនឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Borisovskoye។
សូមបញ្ជាក់ថា លោក Navalny វ័យ ៤៧ឆ្នាំ បានស្លាប់នៅមន្ទីរឃុំឃាំង Arctic កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ សម្ព័ន្ធមិត្តរបស់លោកបានចោទប្រកាន់ប្រធានាធិបតី លោក Vladimir Putin ថា បានសម្លាប់អ្នកទោសរូបនេះ ដោយសារតែមេដឹកនាំរុស្ស៊ីមិនអាចទទួលយកបាននូវគំនិតនៃការដោះលែងលោក Navalny ឲ្យមានសេរីភាព តាមរយៈការដោះដូរអ្នកទោសដែលអាចនឹងកើតមាន៕