ជនប៉ាឡេស្ទីននៅជំរំជនភៀសខ្លួន Jabalia ស្ថិតនៅតំបន់ភាគខាងជើងហ្កាហ្សាស្រ្ទីប ទទួលបានព័ត៌មាននៃលទ្ធភាពបទឈប់បាញ់ជាមួយនឹងការរំពឹងទុកខ្ពស់ ហើយសង្ឃឹមថា ពួកគេនឹងអាចបើកហាងនំបុ័ងឡើងវិញបាន ។
លោក Ibraheem ដែលជាជនភៀសខ្លួនប៉ាឡេស្ទីនមួយរូប និយាយថា ពួកយើងសង្ឃឹមថា ព័ត៌មានទាំងអស់នេះគឺជាការពិត ហើយជំនួយនឹងចូល ហាងនំបុ័ងនឹងដំណើរការម្តងទៀត ដើម្បីឲ្យមនុស្សស្រែកឃ្លានអាចបំពេញក្រពះរបស់ពួកគេបាន ហើយគ្រោះទុរ្ភិក្សនឹងត្រូវបញ្ចប់ ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា អ៊ីស្រាអែល បានយល់ព្រមបញ្ឈប់សកម្មភាពសឹកនៅតំបន់ហ្កាហ្សាស្រ្ទីប អំឡុងពិធីបុណ្យរ៉ាម៉ាដាន គឺជាខែពិសិដ្ឋមូស្លីម ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមីនាខាងមុខនេះ ។ លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងកម្មវិធី “Late Night with Seth Meyers”របស់ទូរទស្សន៍ NBC ។
ការលើកឡើងរបស់លោក បានកើតមាន ស្របពេលដែលបណ្តាប្រទេសអារ៉ាប់ បង្ហាញក្តីកង្វល់ថា បើសិនជាការប្រយុទ្ធគ្នានៅតែបន្តចូលដល់ពិធីបុណ្យរ៉ាម៉ាដាន វានឹងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងតំបន់ និងស្របពេលសន្ទុះកិច្ចចរចាបទឈប់បាញ់ កាន់តែឡើងនៅប្រទេសកាតា ។
ក្រុមហាម៉ាស់ កំពុងធ្វើឲ្យសំណើរកាន់តែមានទម្ងន់ ដែលយល់ព្រមដោយអ៊ីស្រាអែលនៅកិច្ចប្រជុំជាមួយក្រុមអ្នកសម្របសម្រួលក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់បទឈប់បាញ់រយៈពេល ៤០ថ្ងៃ គឺជាបទឈប់បាញ់ពន្យាពេលលើកដំបូងក្នុងសង្រ្គាមរយៈពេល ៥ខែកន្លងមកនេះ ។
ប្រភពព័ត៌មានជិតស្និតនឹងកិច្ចពិភាក្សានេះ បានឲ្យដឹងថា ក្រោមបទឈប់បាញ់ស្នើសុំ មន្ទីរពេទ្យ និងហាងនំបុ័ងនៅតំបន់ហ្កាហ្សា នឹងត្រូវជួសជុល រថយន្តដឹកជំនួយ ៥០០គ្រឿងនឹងបើកចូលតំបន់ហ្កាហ្សាស្រ្ទែបជារៀងរាល់ថ្ងៃ ហើយសំពត់តង់រាប់សែនតង់ នឹងត្រូវចែកចាយដល់ផ្ទះជនប៉ាឡេស្ទីនជម្លៀសខ្លួន ៕