
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva សង្ឃឹមថា សមភាគីអាមេរិកលោក Joe Biden នឹងទទួលបានជ័យជម្នះ នៅក្នុងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីបានជាប់ឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកា។
លោក Lula បានប្រាប់ទូរទស្សន៍ក្នុងស្រុក RedeTV ថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកបោះឆ្នោតអាមេរិកម្នាក់ក៏ដោយ ក៏ខ្ញុំយល់ថា វាច្បាស់ណាស់ដែលលោក Biden គឺជាការធានាយ៉ាងធំធេង សម្រាប់ការរស់រាននៃលទ្ធិប្រជាធិបតេយ្យ ទាំងនៅក្នុងពិភពលោក និងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ដែរថា លោក Biden របស់គណបក្សប្រជាធិបតេយ្យ ទំនងជានឹងប្រឈមជាមួយអតីតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ គឺលោក Donald Trump ក្នុងខែវិច្ឆិកា ដែលជាការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀតពីការដណ្ដើមតំណែងឆ្នាំ២០២០ របស់អ្នកទាំង២។ ២ឆ្នាំក្រោយមក អ្នកឆ្វេងនិយម លោក Lula បានយកជ័យជម្នះលើប្រធានាធិបតីក្នុងតំណែងរបស់ក្រុមស្តាំជ្រុលនិយម គឺលោក Jair Bolsonaro ដែលតែងតែត្រូវបានប្រដូចទៅនឹងលោក Trump ដោយឈ្នះអាណត្តិទី៣ នៅក្នុងប្រទេសប្រេស៊ីល។
Lula ដែលបានចូលប្រឡូកក្នុងឆាកនយោបាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងនាមជាមេដឹកនាំសហជីព បាននិយាយថា លោកមាន «ទំនាក់ទំនងល្អ» ជាមួយលោក Biden ហើយបានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ដែលបានការពារសិទ្ធិកម្មករ ដោយធ្វើការកត់សម្គាល់ថា លោកបានគាំទ្រការធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្ត កាលពីឆ្នាំមុន៕