
នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយទីក្រុងវ៉ាស៊ីនតោនគួរតែជៀសវាងការផ្តាច់ខ្លួនពីប្រទេសចិន ដោយការលើកឡើងនេះ កើតមានក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិកដែលកំពុងបំពេញទស្សនកិច្ច។ នេះបើតាមការផ្សាយរបស់វិទ្យុរដ្ឋ។
ដោយថ្លែងទៅកាន់គណៈប្រតិភូដែលដឹកនាំដោយប្រធានសភាពាណិជ្ជកម្ម លោកស្រី Suzanne Clark លោក Li បានប្រាប់ថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាស្ថានភាពឈ្នះ-ឈ្នះ សម្រាប់ប្រទេសទាំង២»។ លោកបានបន្ថែមថា៖ «ការស្វែងរកការផ្ដាច់ខ្លួន និងការសាងសង់ «ទីធ្លាតូចដោយមានជញ្ជាំងខ្ពស់» មិនស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងសងខាងនោះទេ»។
ជាមួយគ្នានេះ លោក Li បានបន្ថែមថា ក្រុមហ៊ុនអាមេរិកត្រូវបានស្វាគមន៍ ក្នុងការបន្តការវិនិយោគ នៅក្នុងប្រទេសចិន ហើយថា ការមានរបាំងមិនស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំង២ នោះទេ។
ក្រុមនេះបានប្រាប់ថា លោកស្រី Clark កំពុងដឹកនាំគណៈប្រតិភូនៃអតីតមន្ត្រីរដ្ឋាភិបាលអាមេរិកទៅកាន់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមឡើងវិញជាបណ្តើរៗ បន្ទាប់ពីមាននូវទំនាក់ទំនងដ៏តានតឹងបំផុត រវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយស្ថិតក្នុងបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងអនាគតនៃកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងគោលនយោបាយពាណិជ្ជកម្ម៕