
គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលជាប់ពន្ធនាគារ គឺលោក Imran Khan បានស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិចារណាដល់កត្តាស្ថិរភាពនយោបាយរបស់ប្រទេសនេះ នៅក្នុងកិច្ចពិភាក្សាស្តីពីជំនួយសង្គ្រោះបន្ថែមទៀតណាមួយ។ នេះបើតាមការឲ្យដឹងពីបុគ្គល ២នាក់ដែលដឹងពីបញ្ហានេះ នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះ។
ប្រភពមន្ត្រីជាន់ខ្ពស់ ២រូប នៅក្នុងគណបក្ស បានឲ្យដឹងថា គណបក្ស Pakistan Tehreek-e-Insaf (PTI) បានផ្ញើលិខិតមួយទៅកាន់ IMF ដែលរៀបរាប់លម្អិតអំពីជំហររបស់ខ្លួន ដោយបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលវេលាដ៏សមស្របណាមួយ។
IMF មិនបានឆ្លើយតបទៅឡើយ សម្រាប់អ៊ីម៉ែល (សារអេឡិកត្រូនិក) សុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងលិខិតនោះ។ កាលពីសប្តាហ៍មុន IMF ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពនយោបាយរបស់ប្រទេស បន្ទាប់ពីជំនួយការរបស់លោក Khan បាននិយាយថាពួកគេនឹងជំរុញឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ធំនេះ អំពាវនាវឲ្យមានសវនកម្មឯករាជ្យ ជុំវិញការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ដែលមានជម្លោះរបស់ប្រទេសប៉ាគីស្ថាន មុនពេលមានការចូលរួមការពិភាក្សាបន្ថែមទៀតជាមួយទីក្រុងអ៊ីស្លាម៉ាបាដ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចដែលមានបញ្ហាសាច់ប្រាក់របស់ប៉ាគីស្ថាន កំពុងពិបាកក្នុងការមានស្ថិរភាព បន្ទាប់ពីទទួលបានកម្មវិធីជំនួយសង្គ្រោះចំនួន ៣ពាន់លានដុល្លារពី IMF កាលពីរដូវក្តៅមុន។ ហើយអ្នកវិភាគនិយាយថា រដ្ឋាភិបាលថ្មីដែលត្រូវបានរំពឹងថា នឹងបង្កើតឡើយដោយគូប្រជែងរបស់លោក Khan នោះ ទំនងជាត្រូវការមូលនិធិបន្ថែមទៀតពីស្ថាប័នផ្តល់ប្រាក់កម្ចីសកលនេះ បន្ទាប់ពីកម្មវិធីជំនួយសង្គ្រោះ ត្រូវផុតកំណត់ក្នុងខែមេសា៕