ប្រណាំងកង់៖ កីឡាករអាល្លឺម៉ង់ Nils Politt បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈដែលអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar នៅតែបន្តនាំមុខរួម។

ដំណាក់កាលទី ១២ ដែលមានចម្ងាយផ្លូវ ១៥៩.៤គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវរាបស្មើធម្មតា កីឡាកររបស់ក្រុម Bora-Hansgrohe, Nils Politti បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២២នាទី ១២វិនាទី តាមពីក្រោយដោយកីឡាករអេស្ប៉ាញរបស់ក្រុម Movistar, Imanol Erviti យឺតជាង ៣១វិនាទី និងលេខ៣ កីឡាករអូស្ត្រាលីរបស់ក្រុម Lotto-Soudal, Harry Sweeny។
យ៉ាងណាក្តីក្រោយ ១២ដំណាក់កាលនេះកីឡាករស្លូវេនី Tadej Pogacar របស់ក្រុមប្រណាំង UAE Team Emirate នៅតែបន្តនាំមុខរួមដដែលដោយមានវេលាចំណេញលើអ្នកលេខ២ កីឡាករកូឡុំប៊ី Rigoberto Uran ៥នាទី ១៨វិនាទី និងលេខ៣ កីឡាករដាណឺម៉ាក Jonas Vingegaard យឺតជាង ៥នាទី ៣២វិនាទី។ សំរាប់ដំណាក់កាលទី ១៣ ថ្ងៃនេះមានចម្ងាយផ្លូវ ២១៩.៩គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវរាបស្មើធម្មតា និងជាដំណាក់កាលដែលមានរយៈចម្ងាយឆ្ងាយទី២ នៅ Tour de France ឆ្នាំនេះ៕
អត្ថបទ៖នាង សុភាវុធ