នគរបាលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករកាលពីថ្ងៃពុធទី២៨ខែកុម្ភៈនៅតាមដងផ្លូវនានានៃទីក្រុងថេសាឡូនីគី (Thessaloniki)ស្របពេលមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នារម្លឹកខួបមួយឆ្នាំនៃគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវបំផុតរបស់ប្រទេសក្រិក។

ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកភ្លើង ទៅលើនគរបាល ដែលព្យាយាមរារាំងហ្វូងមនុស្ស។
កាលពីឆ្នាំមុន រថភ្លើងដឹកអ្នកដំណើរមួយខ្សែ ធ្វើដំណើរចេញពីរដ្ឋធានីអាតែន ទៅកាន់ទីក្រុងថេសាឡូនីគី ភាគខាងជើង បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញ បណ្ដាលឲ្យមនុស្ស៥៧នាក់ស្លាប់ និងផ្ទុះការតវ៉ាទ្រង់ទ្រាយធំៗជាច្រើន ជាអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាការធ្វេសប្រហែសលើវិស័យរថភ្លើងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

នៅក្នុងរដ្ឋធានីអាតែន (Athens) កម្មករ និងនិស្សិត បានហែរក្បួននៅកណ្ដាលរដ្ឋធានី ដើម្បីប្រារព្ធខួបនៃគ្រោះថ្នាក់រថភ្លើង នេះនិងដើម្បីទាមទាររកយុត្តិធម៌ និងការដំឡើងប្រាក់ខែ។

ការធ្វើកូដកម្មរយៈពេល២៤ម៉ោង បានបញ្ឈប់សេវាដឹកជញ្ជូនតាមរថភ្លើងទូទាំងប្រទេស និងបានរំខានដល់ការដឹកជញ្ជូននៅតាមជាយក្រុង ក្នុងរដ្ឋធានីរបស់ប្រទេសក្រិក ។
នាវាត្រូវបានជាប់គាំងនៅក្នុងកំពង់ផែនានាជិតរដ្ឋធានីអាតែន ខណៈដែលបុគ្គលិករថភ្លើង មន្ទីរពេទ្យ នាវា និងបុគ្គលិកនាវាចម្លង ព្រមទាំងគ្រូបង្រៀន បានដើរចេញពីការងារទាំងអស់៕