សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៨ កុម្ភៈ) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការដើម្បីជួយបញ្ចប់ជម្លោះរយៈពេលជិតមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។

សហរដ្ឋអាមេរិកនិយាយថា ភាគីសង្រ្គាមបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលសម្ព័ន្ធមិត្តក៏បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិចផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនជិត ២៥ លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយ ហើយប្រហែល ៨ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈភាពអត់ឃ្លានកំពុងកើនឡើង។

ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សា UN នេះបានចេញសេចក្តីប្រកាសព័ត៌មានចំនួនបីប៉ុណ្ណោះ ដោយថ្កោលទោស និងសម្តែងការព្រួយបារម្ភអំពីសង្គ្រាម។
យោងតាមរបាយការណ៍អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីខែមុនបានឱ្យដឹងថា មនុស្សចន្លោះពី ១០.០០០ ទៅ ១៥.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងមួយប៉ុណ្ណោះ ក្នុងតំបន់ វេស ដាហ្វឺ (West Darfur) នៃប្រទេសស៊ូដង់កាលពីឆ្នាំមុន នៅក្នុងអំពើហឹង្សាជនជាតិភាគតិចដោយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត៕