ក្រុមហាម៉ាស បានអំពាវនាវកាលពីថ្ងៃពុធ (២៨ កុម្ភៈ) ឱ្យប្រជាជនប៉ាឡេស្ទីន ដើរដង្ហែក្បួនទៅកាន់វិហារអ៊ីស្លាម អាល់អាកសា (Al-Aqsa) នៃទីក្រុងហ្សេរុយសាឡឹម នៅដើមខែនៃបុណ្យរ៉ាម៉ាដាន ដោយបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងការចរចាកំពុងបន្តសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) សង្ឃឹមថានឹងប្រព្រឹត្តទៅនៅពេលនោះ។

ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេ (Ismail Haniyeh) នេះបានកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក បៃដិន ដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស យ៉ាងឆាប់នៅសប្តាហ៍ក្រោយសម្រាប់បទឈប់បាញ់ក្នុងអំឡុងខែតមអាហាររបស់មូស្លីម ដែលរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះនៅថ្ងៃទី១០ ខែមីនា។

អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានគណៈប្រតិភូរៀងខ្លួននៅប្រទេសកាតាក្នុងសប្តាហ៍នេះដើម្បីសិក្សាព័ត៌មានលម្អិតនៃលទ្ធភាពបទឈប់បាញ់រយៈពេល ៤០ ថ្ងៃ បាននិយាយថា នៅតែមានគម្លាតដ៏ធំមួយរវាងពួកគេ ហើយអ្នកសម្រុះសម្រួលកាតានិយាយថាមិនទាន់មានដំណោះស្រាយនៅឡើយទេ។

វិហារអ៊ីស្លាម អាល់អាកសា នៅក្នុងទីក្រុងចាស់ ហ្សេរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពលោកសម្រាប់ប្រជាជនមូស្លីម និងជាទីសក្ការៈបំផុតសម្រាប់ជនជាតិជ្វីហ្វ បានក្លាយជាចំណុចតានតឹងនៃលទ្ធភាពអំពើហិង្សាជាយូរមកហើយ ជាពិសេសក្នុងអំឡុងពេលបុណ្យសាសនា៕