ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឱ្យមាន «បដិវត្តន៍ឧស្សាហកម្ម» នៅក្នុងតំបន់ជនបទ ដោយការសាងសង់រោងចក្របន្ថែមទៀតនៅទូទាំងប្រទេស ស្របពេលមានកង្វះស្បៀងអាហារដ៏រ៉ាំរ៉ៃ និងវិសមភាពសេដ្ឋកិច្ចកាន់តែរីកធំ។

ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនៅស្រុក សុងឈុន (Songchon) ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង លោក គីម បានសន្យាថានឹងជំរុញទៅមុខជាមួយនឹង «គោលនយោបាយអភិវឌ្ឍន៍តំបន់ ២០ គុណនឹង ១០» របស់ខ្លួន ដោយការបើករោងចក្រទំនើបកម្មនៅក្នុងតំបន់ដាច់ស្រយាលយ៉ាងហោចណាស់ ២០ រោងចក្រជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។

គោលនយោបាយនេះត្រូវបានបង្ហាញជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដ៏សំខាន់របស់លោក គីម នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុននៃសភាប្រជាជនកំពូល ដែលជាសភាប្រថាប់ត្រារបស់ប្រទេសផ្ដាច់ខ្លួននេះ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិងកំពុងជំរុញឱ្យមានទំនើបកម្មវិស័យកសិកម្ម និងសហគមន៍ជនបទ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែបានជួបបញ្ហាកង្វះស្បៀងអាហារជាយូរមក ស្របពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន និងផលប៉ះពាល់តាមរដូវកាលពីគ្រោះធម្មជាតិ៕