ក្រុមប្រជាកសិករទូទាំងសហភាពអឺរ៉ុប បានបន្តការតវ៉ានៅដើមសប្ដាហ៍នេះប្រឆាំងនឹងទំនិញឡើងថ្លៃ បទបញ្ញត្តិបរិស្ថានជ្រុលហួសហេតុ និងការនាំចូលទំនិញពីប្រទេសខាងក្រៅប្លុកអឺរ៉ុប មានតម្លៃទាប ទោះបីមានការលោងលោមថ្មីៗដោយក្រុមអ្នកនយោបាយសហភាពអឺរ៉ុបក៏ដោយ។

ត្រាក់ទ័រ១ពាន់គ្រឿងបានបើកពាសពេញតំបន់នានា និងបិទផ្លូវទាំងអស់ជុំវិញរង្វង់មូលស្គូមែន (Schuman)របស់ទីក្រុងព្រុចសែល ដែលប្រមូលផ្ដុំដោយស្ថាប័នរបស់សហភាពអឺរ៉ុប និងបានបង្កការកកស្ទះចរចារណ៍។

លោក មូហ្គាន អូឌី (Morgan Ody) កសិករមកពីទីក្រុងប្រ៊ីតានី (Brittany) ប្រទេសបារាំង និងជាសមាជិកនៃក្រុមសម្របសម្រួលនិងការពារសិទ្ធិកសិករអឺរ៉ុប(ECVC) ដែលតំណាងឱ្យកសិករនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុបជាង ២០ប្រទេស បាននិយាយថា ការកៀងគររបស់កសិករនៅតែបន្តនៅទូទាំងទ្វីបអឺរ៉ុប ដោយសារក្រុមអ្នកបង្កើតគោលនយោបាយបានបរាជ័យក្នុងការស្តាប់អ្នកដែលចិញ្ចឹមប្រជាជនរបស់យើងនៅក្នុងទ្វីបអឺរ៉ុប និងអ្នកដែលស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុ។
ការតវ៉ា ជុំចុងក្រោយនេះ បានធ្វើឡើងនៅថ្ងៃដែលក្រុមរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្លុកអឺរ៉ុបជួបគ្នានៅក្នុងទីក្រុងព្រុចសែល ពិភាក្សាលើការកែប្រែមួយចំនួនស្ដីពីគោលនយោបាយកសិកម្ម និងការកាត់បន្ថយសេវាលុយក្រោមតុ ដើម្បីបន្សាបកំហឹងរបស់ប្រជាកសិករ។

ខណៈដែលប្រជាកសិករភាគច្រើន មកពីប្រទេសបារាំង អ៊ីតាលី ហូឡង់ និងព័រទុយហ្គាល់ បានតវ៉ាដោយស្ងៀមស្ងាត់ កសិករនៅប្រទេសមួយចំនួនបានដុតសំបកកង់រថយន្ត និងគប់ស៊ុតជាដើម។ អ្នកបើកត្រាក់ទ័រមួយចំនួន បានដឹកស្មៅស្ងួត និងលាមកសត្វចាក់លើផ្លូវនានា ខណៈដែលមួយចំនួនព្យាយាមទម្លាយរនាំងនរគបាល។នគរបាលក៏បានឆ្លើយតបដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើកសិករដែលកំពុងតវ៉ាដោយស្ងៀមស្ងាត់ផងដែរ។
នៅថ្ងៃដដែលនោះ ក្រុមកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បានតវ៉ាដ៏ធំនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រឆាំងទៅនឹងបទបញ្ញត្តិរបស់សហភាពអឺរ៉ុប។កាលពីថ្ងៃអង្គារ ក្រុមកសិករប៉ូឡូញរាប់ពាន់នាក់បានចេញតវ៉ាក្នុងរដ្ឋធានីវ៉ាសូវី និងបានបិទផ្លូវហាយវ៉េដ៏សំខាន់មួយឆ្ពោះទៅប្រទេសអាល្លឺម៉ង់។ពួកគេក៏បានបិទច្រកឆ្លងព្រំដែននានាជាមួយប្រទេសជិតខាងអ៊ុយក្រែនផងដែរ ដើម្បីតវ៉ាប្រឆាំងការប្រកួតប្រជែងការមិនស្មើភាពលើការនាំចូលផលិតផលកម្មសិកម្មមានតម្លៃទាបពីប្រទេសដែលមិនមែនជាសមាជិករបស់សហភាពអឺរ៉ុប៕