លោក អូឡេកសាន គុប្រាកូវ (Oleksandr Kubrakov) រដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍ ដែនដី និងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន បានអត្ថាធិប្បាយលើការអះអាងអំពីការចរចា ដែលកំពុងបន្តជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីការបិទព្រំដែនអ៊ុយក្រែន-ប៉ូឡូញ។

«គ្មាននរណាម្នាក់ កំពុងរៀបចំការចរចាអំពីការបិទព្រំដែនជាមួយប៉ូឡូញ ក្នុងនាមអ៊ុយក្រែនទេ។ ប្រតិបត្តិការស្ថិរភាពនៅព្រំដែន គឺជាបញ្ហានៃការបន្តជីវិត នៅក្នុងសង្គ្រាមប្រឆាំងនឹង«អ្នកឈ្លានពានរុស្ស៊ី» ។

លោកគុប្រាកូវ បានកត់សម្គាល់ថា អ៊ុយក្រែន «ចាត់ទុករដ្ឋជាមិត្តរបស់ប៉ូឡូញដោយការគោរព» បានស្នើឲ្យ មានការសម្រេចចិត្ត ក្នុងន័យស្ថាបនា និងបានចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹង នៅព្រំដែន។
លោកបានសង្កត់ធ្ងន់ថា៖«យើងកំពុងរង់ចាំការសម្រេចចិត្តឆ្លើយតបដោយរដ្ឋាភិបាលប៉ូឡូញ ដើម្បីកុំឲ្យស្ថានការណ៍នេះ ឈានដល់ភាពជាប់គាំង។ លទ្ធផលបែបនេះ នឹងមិនមានផលចំណេញសម្រាប់នរណាម្នាក់ឡើយ ក្រៅពីសត្រូវរួមរបស់យើងនោះ។
យោងទៅលើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ RMF24 បានរាយការណ៍ថា អ៊ុយក្រែន និងប៉ូឡូញ កំពុងពិភាក្សាអំពីការបិទព្រំដែនបណ្តោះអាសន្ន និងបញ្ឈប់ពាណិជ្ជកម្ម។