កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយធ្វើកិច្ចសន្យាទុក្ខរយៈពេលបីថ្ងៃឱ្យក្រុមអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវរើចេញដោយខ្លួនឯង បើពុំដូចនេះទេអាជ្ញាធរ និងចុះចាត់វិធានការរដ្ឋបាល។

ការចុះរៀបចំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ក្រូច សុធន់ នាយករងរដ្ឋបាលដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះ ណែនាំនិងធ្វើកិច្ចសន្យា ដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់របងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការចុះណែនាំធ្វើកិច្ចសន្យានេះ លោក ក្រូច សុធន់ នាយករងរដ្ឋបាលខណ្ឌ៧មករាបានឲ្យBTV ដឹងថា កំណាត់ផ្លូវនេះអាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំជាញឹកញាប់ផងដែរ តែក្រុមអាជីវករមួយចំនួនធំហាក់មិនចូលរួមសហការជាមួយអាជ្ញាធរឡើយ ដូច្នេះនៅថ្ងៃនេះអាជ្ញាធរចុះធ្វើកិច្ចសន្យាដោយទុករយៈពេលបីថ្ងៃឲ្យក្រុមអាជីវករលក់ដូររំលោភលើផ្លូវឲ្យរើតូបចេញ និងទីតាំងផ្ញើម៉ូតូ ចេញដោយខ្លួនឯង។ ក្នុងរយៈពេល ៣ថ្ងៃក្រោយបើមិនរុះរើតាមកិច្ចសន្យារបស់អាជ្ញាធរនោះទេរដ្ឋបាលខណ្ឌ និងចុះអនុវត្តវិធានការរដ្ឋបាល។

លោកនាយករងរដ្ឋបាលបានបន្ថែមថា អាជ្ញាធរចុះរៀបចំនេះដើម្បីឲ្យ រក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ មានសោភ័ណភាពនិងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង។ ដោយកន្លងមកក្រុមអាជីវករទាំងនេះបានយកផ្លូវធ្វើជាកន្លែងលក់ និងផ្ញើម៉ូតូបង្កការកស្ទះ ចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤នេះ។

ជាចុងក្រោយអាជ្ញាធរខណ្ឌ៧មករាបានសំណូមពរដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១៣៤នេះនឹងអាជីវករលក់ដូរតាមដោយផ្លូវផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី រក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងរំដោះចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើជៀសវាងអាជ្ញាធរចាត់វិធានការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ


