លោក ហាឌីបស៊ីញ(Hardeep Singh) បានដើរដង្ហែរក្បួនតវ៉ាក្នុងចំណោមកសិករទៅកាន់រដ្ឋធានី Delhi របស់ប្រទេសឥណ្ឌា ជាអ្វីដែលរូបលោកគិតថាជាការតវ៉ាដោយស្ងៀមស្ងាត់ ប៉ុន្តែក្រោយមកការតវ៉ាទាំងនោះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ និងមានការលើកឡើងពីការរងការបង្ក្រាបដ៏ឃោរឃៅពីនគរបាល។

ការបាញ់ប្រហារ និងឧស្ម័នបង្ហៀរទឹកភ្នែករបស់កងកម្លាំងនគរបាល បានស្រោចលើក្រុមបាតុករដែលធ្វើបាតុកម្មទាមទារឲ្យមានស្ថានភាពល្អប្រសើរ ហើយលោក ស៊ីញ វ័យ២៨ឆ្នាំបានរងរបួស។
កសិករមកពីរដ្ឋពុនចាប(Punjab)ភាគខាងជើងរបស់ប្រទេសឥណ្ឌារូបនេះ បាននិយាយដោយចង្អុលទៅដីថា ភ្នែកខាងស្តាំរបស់ខ្ញុំ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រចំ ហើយខ្ញុំបានដួលនៅទីនោះ ។ ភ្នែកខាងស្តាំរបស់ខ្ញុំឈឺខ្លាំងណាស់ ។

លោកស៊ីញ គឺស្ថិតក្នុងចំណោមអ្នករងរបួសជាច្រើននាក់ ហើយយ៉ាងហោចណាស់កសិករម្នាក់បានស្លាប់នៅក្នុងអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីកម្មករកសិកម្មបានចាប់ផ្ដើមហែក្បួនពីភាគខាងជើងរដ្ឋ Punjab និង រដ្ឋ ហារីយ៉ាណា (Haryana) ឆ្ពោះទៅកាន់រដ្ឋធានី Delhi កាលពីពាក់កណ្តាលខែកុម្ភៈ។

នគរបាលបានបដិសេធការអះអាងថាមានការបំពាននេះ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យ៉ាងហោចណាស់មានមន្ត្រីពីរនាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលចលាចលនេះ។ មន្ត្រីសុខាភិបាលរដ្ឋ Punjab បានកត់ត្រាការរងរបួសរបស់កសិករ និងសកម្មជនចំនួន ចំនួន១៧៧នាក់ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក បន្ទាប់ពីកសិករបានចាប់ផ្តើមការហែក្បួន ដែលមានឈ្មោះថា តោះយើងទៅកាន់រដ្ឋធានី Delhi។
គួររម្លឹកថា ការតវ៉ារបស់ប្រជាកសិករឥណ្ឌា បានកើតមានឡើងបន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលស្ដីពីការជួយដំឡើងថ្លៃផលិតផលកសិកម្មរបស់ពួកគេឲ្យខ្ពស់ជាងមុនបានបរាជ័យ៕