ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា ការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើទីក្រុងមូស្គូ កំពុងធ្វើឲ្យមានទស្សនវិស័យដ៏អាក្រក់សម្រាប់ពាណិជ្ជកម្មថាមពលរបស់រុស្ស៊ីជាមួយឥណ្ឌា។

ប្រភពឧស្សាហកម្មអនាមិកចំនួនបី បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមរោងចក្រចម្រាញ់ប្រេងឥណ្ឌាអំពីការរឹតបន្តឹងថ្មី។ ស្ថាប័ននានា បារម្ភថា វាអាចនឹងកាន់តែពិបាកក្នុងការស្វែងរកនាវា ដើម្បីដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី ក៏ដូចជាការបន្ថែមថ្លៃដឹកជញ្ជូនផងដែរ។
នៅទីបំផុត កត្តាបែបនេះអាចកាត់បន្ថយការបញ្ចុះតម្លៃលើប្រេងរុស្ស៊ី ដោយកាត់បន្ថយការទាក់ទាញ ពាណិជ្ជកម្ម។ តម្លៃបារ៉ែលធូរថ្លៃជាង គឺជាហេតុផលសំខាន់ដែលឥណ្ឌា បានក្លាយជាអ្នកទិញដ៏ធំបំផុតនៃប្រេងឆៅពីសមុទ្ររុស្ស៊ីកាលពីឆ្នាំមុន ដោយបាននាំចូល ១,៦៦ លានបារ៉ែល ក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣ ។

ទោះបីជាការដាក់ទណ្ឌកម្ម មិនមែនជារឿងថ្មីសម្រាប់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ក៏ដោយ សហរដ្ឋអាមេរិក បានអនុវត្តយ៉ាងទូលំទូលាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយប្រារព្ធខួបលើកទី២នៃសង្រ្គាម និងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការស្លាប់របស់លោក អាឡិចសេ ណាវ៉ាល់នី ( Alexei Navalny) មេដឹកនាំប្រឆាំងដ៏លេចធ្លោ នៅក្នុងប្រទេសនេះ។
ក្នុងចំណោមគោលដៅ គឺក្រុមហ៊ុនដឹកប្រេងឈានមុខគេរបស់រុស្ស៊ី Sovcomflot ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនបានរំលោភលើការកំណត់តម្លៃរបស់ក្រុមប្រទេសG7គឺតម្លៃ៦០ដុល្លារក្នុងមួយបារ៉ែលទៅលើប្រេងឆៅរុស្ស៊ី។ នាវាដឹកប្រេងចំនួន១៤គ្រឿងដែលមានទំនាក់ទំនងជាមួយក្រុមនេះ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ដោយបន្ថែមទៅលើបញ្ជីនៃនាវាដែលរងការដាក់ទណ្ឌកម្មកើនឡើង។