របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមប្រដាប់អាវុធខុសច្បាប់ បានពង្រីកការគ្រប់គ្រងរបស់ពួកគេលើទឹកដីប្រទេសកូឡុំប៊ី ក្នុងឆ្នាំ ២០២៣ ដែលស្វែងរកការគ្រប់គ្រងលើ សហគមន៍ ដែលបានឃើញថាសិទ្ធិមនុស្សត្រូវបានបំពាន។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រឈមមុខទៅនឹងជម្លោះផ្ទៃក្នុង ដែលបានអូសបន្លាយពេលជាងប្រាំមួយទសវត្សរ៍ ដោយមានចំនួនអ្នកស្លាប់លើសពី ៤៥០.០០០នាក់ ទោះបីជាការខិតខំប្រឹងប្រែងរបស់ ប្រធានាធិបតី លោក ហ្គាស្តូវ៉ូ ប៉េត្រូ(Gustavo Petro) ដើម្បីឲ្យទទួលបានសន្តិភាពជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជាកងទ័ពព្រៃ និងក្រុមឧក្រិដ្ឋជនក៏ដោយ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីការកើនឡើង ១៤,៤ភាគរយ នៅក្នុងទីក្រុងនានា ដែលទទួលរងអំពើហិង្សាពី ១៨០លើក ក្នុងឆ្នាំ ២០២២ ដល់២០៦លើក ក្នុងឆ្នាំ ២០២៣ ។
សហព័ន្ធសិទ្ធមនុស្សអន្តរជាតិ រួមជាមួយអង្គការក្នុងស្រុក កាលពីថ្ងៃពុធ បានទាមទារឱ្យអាជ្ញាធរការពារជនជាតិដើមភាគតិច Viwa នៅតំបន់ជួរភ្នំ ស៊ីរ៉ា ណេវ៉ាដា ដេ សានតា ម៉ាតា(Sierra Nevada de Santa Marta) នៅភាគខាងជើង ខណៈសមាជិកចំនួន ៣០០នាក់របស់ខ្លួន ត្រូវស្វែងរកទីជម្រកនៅក្នុងទីប្រជុំជនផ្សេងទៀតដូចជាតំបន់ រីអូហាចា(Riohacha) ដើម្បីភៀសខ្លួនចេញពីការប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធ។