ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានណែនាំដល់អភិបាលខេត្តចំនួន១១ ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះដែនដីរបស់ខ្លួនដែលមានល្បែងជល់មាន់ ល្បែងផ្សងសំណាងផ្សេងៗ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនទៀត រួមទាំងបទល្មើសមួយចំនួនទៀតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តចំនួន១១ដែលត្រូវបានគេរាយការណ៍ថា នៅ មានបទល្មើសច្រើនគួរឲ្យព្រួយបារម្ភនៅឡើយនោះ គឺមានខេត្តកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ ក្រចេះ ពោធិ៍សាត់ បាត់ដំបង ខេត្តកណ្តាល ត្បូងឃ្មុំ ព្រះសីហនុ តាកែវ និងព្រៃវែងជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសង្កត់ថា «ខ្ញុំសូមឲ្យខេត្តទាំង១១នេះ មេត្តាសិក្សាឡើងវិញទៅលើកិច្ចការងារសន្តិសុខរបស់ខ្លួន ហើយសូមឲ្យចូលរួមពិភាក្សាជាមួយរដ្ឋបាល ខេត្តក្នុងគោលដៅទប់ស្កាត់លើបញ្ហាទាំងអស់នេះ។ ក្នុងន័យនេះខ្ញុំគ្មានការស្តីបន្ទោសអ្វីនោះទេ ប៉ុន្តែសូមឲ្យធ្វើការបន្តរឹតបន្តឹងចំពោះបញ្ហានេះ ជាពិសេសល្បែងផ្សងសំណាងខុសច្បាប់ និងជលមាន់ជាដើម។ល។ ដែលបញ្ហានេះកំពុងពុលនៅក្នុងសង្គម ដូច្នេះខ្ញុំសូមស្នើទាក់ទងនឹងបញ្ហាទាំងនេះ»។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះគឺបានធ្វើឡើងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួងមហាផ្ទៃ៕ អត្ថបទ៖ បាន ចក់
