ចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានព្យាយាមរកមធ្យោបាយដោះស្រាយ ជុំវិញទិដ្ឋភាពបច្ចេកទេសនៃកាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ កាលពីថ្ងៃពុធ ខណៈក្រុមចៅក្រម បានពិចារណាអំពីភាពស្របច្បាប់នៃបម្រាមសហព័ន្ធ ដែលដាក់ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក Donald Trump នៅលើឧបករណ៍ទាំងនេះ។

ករណីនេះ ផ្តោតលើការរឹតបន្តឹងអាវុធផ្សេងទៀត បន្ទាប់ពីមានការពង្រីកសិទ្ធិប្រើប្រាស់កាំភ្លើង កាលពីឆ្នាំ២០២២។ ចៅក្រម បានទទួលព័ត៌មានការអះអាង នៅក្នុងបណ្តឹងឧទ្ធរណ៍ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប ក្នុងការគាំទ្រ លោក មីឈែល កាគ្រី (Michael Cargill) ម្ចាស់ហាងលក់កាំភ្លើង និងជាអ្នកតស៊ូមតិសិទ្ធិប្រើប្រាស់កាំភ្លើង មកពីទីក្រុង Austin រដ្ឋតិចសាស់ ដែលបានជំទាស់ទៅនឹងបម្រាម ដែលត្រូវបានអនុវត្ត បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំ កាលពីឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស ៥៨នាក់ នៅទីក្រុង Las Vegas ។

សំណួរជាច្រើន ដែលចោទសួរដោយចៅក្រម ពុំបានបង្ហាញសញ្ញាច្បាស់លាស់ ថាតើពួកគេនឹងដោះស្រាយករណីនេះដោយរបៀបណានៅក្នុងសេចក្តីសម្រេច ដែលនឹងត្រូវកំណត់ពេលនៅចុងខែមិថុនា។
តុលាការកំពូល ដែលមានសំឡេងភាគច្រើន ៦ទល់នឹង៣ បានទទួលយកទិដ្ឋភាពដ៏ទូលំទូលាយនៃសិទ្ធិប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសមួយដែលបានបែងចែកយ៉ាងស៊ីជម្រៅ ជុំវិញរបៀបដោះស្រាយអំពើហិង្សាដោយអាវុធ។ ករណីបច្ចុប្បន្ន ផ្តោតលើថាតើការិយាល័យទទួលបន្ទុកគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ដែលជាទីភ្នាក់ងារក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានបកស្រាយយ៉ាងត្រឹមត្រូវដែរឬទេអំពីច្បាប់ហាមឃាត់កាំភ្លើងយន្តខណៈមានការពង្រីកដល់កាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ។