ចៅក្រម រដ្ឋ អ៊ីលីណយ (Illinois)កាលពីថ្ងៃពុធបានរារាំងលោក Donald Trump មិនឲ្យដាក់រូបរបស់លោកនៅលើសន្លឹកឆ្នោតបឋមជ្រើសរើសបេក្ខភាពប្រធានាធិបតីរបស់សាធារណរដ្ឋ នៅរដ្ឋ Illinois ដោយសារតែតួនាទីរបស់លោកនៅក្នុងការបះបោរនៅវិមាន កាពីតូល (Capitol) របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ប៉ុន្តែលោកស្រីបានពន្យារពេលសេចក្ដីសម្រេចរបស់ខ្លួនមិនទាន់ឲ្យចូលជាធរមានទេ ដោយរំពឹងថា នឹងមានការប្ដឹងឧទ្ធរណ៍ពីអតីតប្រធានាធិបតីអាមេរិករូបនេះ។

ចៅក្រមលោកស្រី ត្រាស៊ី ផទ័រ (Tracie Porter) ប្រចាំតំបន់ Cook County បានឈរនៅខាងអ្នកបោះឆ្នោតរដ្ឋ Illinois ដែលបានអះអាងថា អតីតប្រធានាធិបតីរូបនេះ គួរតែត្រូវបានលុបឈ្មោះចេញពីសន្លឹកឆ្នោតបឋមនៅថ្ងៃទី១៩ ខែមីនារបស់រដ្ឋនេះ និងសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកា ចំពោះការរំលោភលើច្បាប់ប្រឆាំងការបះបោរនៃវិសោធនកម្មទី១៤ក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

លទ្ធផលចុងក្រោយនៃសំណុំរឿងរដ្ឋ Illinois និងបញ្ហាប្រឈមស្រដៀងគ្នានឹងទំនងជាត្រូវបានសម្រេចដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលបានស្តាប់ទឡ្ហីករណ៍ទាក់ទងនឹងឈ្មោះលើសន្លឹកឆ្នោតរបស់លោក Trump កាលពីថ្ងៃទី ៨ ខែកុម្ភៈ។
លោកស្រី Porter បាននិយាយថាលោកស្រីនៅតែរក្សាសេចក្ដីសម្រេចចិត្តរបស់ខ្លួនព្រោះលោកស្រីរំពឹងថានឹងមានការប្តឹងឧទ្ធរណ៍របស់លោកTrump ទៅកាន់តុលាការឧទ្ធរណ៍របស់រដ្ឋ Illinois និងសេចក្ដីសម្រេចដ៏សំខាន់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក។
ក្រុមតស៊ូមតិ Free Speech For People ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដកសិទ្ធិក្នុងរដ្ឋ Illinois បានសរសើរសេចក្តីសម្រេចនេះថាជា ជ័យជម្នះជាប្រវត្តិសាស្ត្រ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
អ្នកនាំពាក្យយុទ្ធនាការរបស់លោក Trump ដែលជាបេក្ខជននាំមុខសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ នេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថានេះជាសេចក្ដីសម្រេចមិនស្របតាមរដ្ឋធម្មនុញ្ញដែលយើងនឹងប្តឹងឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះ។

គួររម្លឹកថា កាលពីកន្លងមករដ្ឋ Colorado និង រដ្ឋ Maine បានដកឈ្មោះរបស់លោក Trump ចេញពីសន្លឹកឆ្នោតក្នុងរដ្ឋ បន្ទាប់ពីបានកំណត់ថាលោកត្រូវបានដកសិទ្ធិនៅក្រោមមាត្រាទី៣ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១៤ ។ សេចក្ដីសម្រេចទាំងពីរត្រូវបានផ្អាក ខណៈដែល Trump ប្តឹងឧទ្ធរណ៍៕