ក្រុមសារព័ត៌មាន AFP បានមើលឃើញថា អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាពនៃបេសកកម្មរក្សាស្ថិរភាពរបស់UNនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MON USCO) ដោយប្រគល់មូលដ្ឋានទី១របស់ខ្លួនឲ្យទៅនគរបាលជាតិ។

ក្នុងអំឡុងពេលពិធីផ្លូវការមួយនៅឯមូលដ្ឋាន Kamanyola នៅជិតព្រំដែនប្រទេសរ៉្វាន់ដា និងប៊ូរុនឌី ទង់ជាតិរបស់អង្គការសហប្រជាជាតិ និងប៉ាគីស្ថាន ដែលជាប្រទេសដើមនៃកងរក្សាសន្តិភាព ត្រូវបានជំនួសដោយទង់ជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានទាមទារឲ្យមានការដកខ្លួនចេញ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិអំពីអំពើហិង្សាដ៏ខ្លាំងក្លា នៅភាគខាងកើតនៃប្រទេសនេះក៏ដោយ។
ទីក្រុងឃីនសាសា (Kinshasa) ចាត់ទុកកម្លាំងរបស់អង្គការសហប្រជាជាតិថា គ្មានប្រសិទ្ធភាពក្នុងការការពារជនស៊ីវិលពីក្រុមប្រដាប់អាវុធ និងកងជីវពលដែលបានបង្កបញ្ហានានា នៅភាគខាងកើតនៃប្រទេសដ៏ធំអស់រយៈពេលបីទសវត្សរ៍មកហើយ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីខែធ្នូ ដើម្បីយល់ព្រមតាមការទាមទាររបស់ទីក្រុងឃីនសាសាសម្រាប់ការដកខ្លួនបន្តិចម្តងៗរបស់បេសកកម្ម MONUSCO ដែលបានមកដល់ក្នុងឆ្នាំ១៩៩៩។
បច្ចុប្បន្ននេះ កម្លាំងអង្គការសហប្រជាជាតិ បានដាក់ពង្រាយទាហានប្រហែល ១៣៥.00នាក់ និង នគរបាលចំនួន ២.០០០នាក់ នៅទូទាំងខេត្តភាគខាងកើតចំនួនបីគឺ Ituri, South Kivu និង North Kivu ។