ក្រសួងសុខាភិបាលនៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល បាននិយាយថា កុមារ៦នាក់បានស្លាប់ដោយសារការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យនានានៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈតំបន់នេះរងទុក្ខពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត។

ក្រសួងបាននិយាយកាលពីថ្ងៃពុធថា កុមារពីរនាក់បានស្លាប់នៅមន្ទីរពេទ្យ អាល់ ស៊ីហ្វា (al-Shifa) ក្នុងទីក្រុង ហ្កាហ្សា ។ថ្មីៗនេះមានសេចក្តីរាយការណ៍ថា កុមារ៤នាក់បានស្លាប់នៅមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ (Kamal Adwan)ភាគខាងជើងតំបន់ហ្កាហ្សា ខណៈមនុស្ស ៧ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសុំឱ្យភ្នាក់ងារអន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌នៅភាគខាងជើងហ្កាហ្សា ស្របពេលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានៅតែបន្ត។សហគមន៍អន្តរជាតិកំពុងប្រឈមនឹងការសាកល្បងសីលធម៌ និងមនុស្សធម៌ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។

ប្រធានមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ លោក អាម៉េដ អាល់កាឡូត(Ahmed al-Kahlout)បាននិយាយថា មន្ទីរពេទ្យបានឈប់ដំណើរការ ដោយសារខ្វះប្រេងឥន្ធនៈសម្រាប់ដំណើរការម៉ាស៊ីនភ្លើង។ កាលពីថ្ងៃអង្គារ មន្ទីរពេទ្យ អាល់ អាវដា (Al-Awda)ក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ក៏បានបញ្ឈប់ដំណើរការព្យាបាលអ្នកជំងឺដោយសារតែហេតុផលដូចគ្នានោះដែរ។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Instagram និងត្រូវផ្ទៀងផ្ទាត់ដោយអង្គភាពផ្ទៀងផ្ទាត់សាណាដ (Sanad) របស់សារព័ត៌មាន Al Jazeera អ្នកសារព័ត៌មានឈ្មោះអ៊ីប្រាហឹម មូសាឡាម(Ebrahem Musalam)បង្ហាញទារកនៅលើគ្រែមួយនៅខាងក្នុងបន្ទប់ពេទ្យកុមារនៅមន្ទីរពេទ្យ Kamal Adwan ។
លោក Musalam បាននិយាយថា កុមារនៅក្នុងផ្នែកនេះកំពុងទទួលរងពីកង្វះអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់វ័យ និងកង្វះអាហារូបត្ថម្ភសម្រាប់ទារក ហើយឧបករណ៍ចាំបាច់ទាំងនោះបានឈប់ដំណើរការដោយសារតែការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ព្រោះខ្វះប្រេងឥន្ធនៈ៕