ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ភីអិលស៊ី សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការ Grow Asia នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានរៀបចំវេទិកាលើកទី៤ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ «ការអនុវត្តកសិកម្មកសិកម្មកកើតឡើងវិញ ឆ្ពោះទៅកសិកម្មកាបូនទាប» ក្នុងគោលបំណងត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន កសិកម្មប្រកបដោយភាតរបរិស្ថាន និងលើកកំពស់ជីវភាពកសិករខ្នាតតូច ។
វេទិកានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួមប្រមាណ ៣៥០រូប ដែលភាគច្រើនជាថ្នាក់ដឹកនាំសហគមន៍កសិកម្ម តំណាងឲ្យវិស័យឯកជន រាជរដ្ឋាភិបាល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកសិក្សាស្រាវជ្រាវ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ បានគាំទ្រការធ្វើការរួមបញ្ចូលគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីនិរន្តរភាពនៃវិស័យកសិកម្ម ដែលអាចផ្តល់ជាគំរូដ៏ល្អមួយក្នុងការអនុវត្តភាពជាដៃគូគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម មានដូចជា៖ ក្រុមកសិករ ធានាគារ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ដែលមានគោលដៅរួមគ្នា ដើម្បីឈានឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារសម្រាប់កសិករនៅតំបន់ជនបទ។ ប្រការនេះបានឆ្លុះបញ្ចាំងពីគ្រប់តួអង្គពាក់ព័ន្ធបានកំពុងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈក្រសួង បានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីពង្រឹងគំរូសហការ ដែលមានគ្រប់តួអង្គពាក់ព័ន្ធដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមកសិករ។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាន ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា បានឲ្យដឹងក្នុងលិខិតនេះដែរថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឲ្យគ្រប់ភាគីទាំងរដ្ឋាភិបាល វិស័យឯកជន ក្រុមកសិករ និងដៃគូអភិវឌ្ឍន៍ ដើម្បីជជែកគ្នាស្វែងរកមធ្យោបាយគន្លឹះការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដោយចាប់ផ្តើមពីការកំណត់បញ្ហា និងចូលរួមដោះស្រាយបញ្ហា។ ឯកឧត្តម បានបន្តថា គ្រប់ភាគីរួមគ្នាប្រើប្រាស់ធនធានក្នុងការអនុវត្តកសិកម្មប្រកបដោយចិរភាព ពោលធ្វើយ៉ាងណារក្សាធនធាន និងការអនុវត្តកសិកម្មកកើតឡើងវិញ ដែលអាចប្រើប្រាស់សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា មិនថាក្នុងសង្គម និងជួយដល់បរិស្ថាន។
ដោយឡែក លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងលើការអនុវត្តកម្មវិធីស្តង់ដាដំណាំស្រូវប្រកបដោយនិរន្តរភាព ស្តង់ដាស្រូវកកើតឡើងវិញ និងស្តង់ដា ស្រូវសរីរាង្គប៉ុណ្ណោះទេ តែក៏ជាកម្មវិធីមួយដែលផ្តល់អោយគ្រប់ភាគីពាក់ព័ន្ធ បានបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរ ចែករំលែកគ្នានូវចំណេះដឹង និងការទទួលបាននូវព័ត៌មានថ្មីស្តីអំពីបច្ចេកវិទ្យា ឥណទាន និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យកសិកម្ម។
កម្មវិធីថ្ងៃនេះក៏ជួយបង្ហាញប្រាប់ដល់ពិភពលោកថា កសិកម្មកម្ពុជាកំពុងស្ថិតលើដំណើរផ្លូវឆ្ពោះទៅរកការអនុវត្តតាមស្តង់ដាអន្តរជាតិនានា ក្នុងការចូលរួមសង្គ្រោះផែនដី ក៏ជាយន្តការនៃការពង្រីកមុខមាត់សំរាប់ផ្នែកទីផ្សារអង្ករកម្ពុជាផងដែរ”។
លោកស្រី Amy Melissa Chua ប្រធានភាពជាដៃគូនៃអង្គការ Grow Asia បានលើកឡើងពីការគាំទ្ររបស់លោកស្រី សម្រាប់កិច្ចប្រជុំកំពូលនេះថា គឺមានកិត្តិយសណាស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកិច្ចប្រជុំកសិកម្មប្រកបដោយនិរន្តរភាពលើកទី៤ ។
លោកស្រីមើលឃើញថា នេះជាឱកាសដ៏មានតម្លៃ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីរួមគ្នាកសាងប្រព័ន្ធអាហារប្រកបដោយចីរភាព និងមានភាពរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា។ អង្គការ Grow Asia មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រជាដៃគូនៅក្នុងប្រទេសកម្ពុជា។អត្ថបទ៖ ឈិត បូរ៉ាវី




