
ក្រុមឆ្លើយតបដំបូងបាននិយាយកាលពីថ្ងៃពុធ (២៨ កុម្ភៈ) ថាមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ និងប្រហែលរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុបុកគ្នា ដែលពាក់ព័ន្ធនឹងរថយន្តក្រុងពីរគ្រឿងនៅលើផ្លូវហាយវ៉េមួយនៅភាគខាងលិចប្រទេសហុងឌុយរ៉ាស។
ប្រធានាធិបតីហុងឌុយរ៉ាស លោកស្រី ស៊ីអូម៉ារ៉ា ខាស្ត្រូ (Xiomara Castro) បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកនាំពាក្យរបស់មន្ទីរពេទ្យ លោកស្រី ឡេសបៀ វីលឡេដា (Lesbia Villeda) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នករងរបួសចំនួន ១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតំបន់ភាគខាងលិចក្នុងទីក្រុង សាន់តា រ៉ូសា ដេខូប៉ាន (Santa Rosa de Copan)។
ក្រុមមន្ត្រីសន្តិសុខបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រថយន្តមួយគ្រឿង គឺជារថយន្តក្រុងសាធារណៈដែលកំពុងបម្រើការជាធម្មតា ខណៈរថយន្តមួយគ្រឿងទៀតជារថយន្តឯកជន ដែលកំពុងដឹកជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន៕