
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានប្រាប់សភាអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះថាលោកនឹងមិនអនុញ្ញាតឱ្យមហាអំណាចបរទេសណាមួយដណ្តើមយកទឹកដីនៃប្រទេសនេះ «សូម្បីតែមួយចង្អាម» ហើយថាទីក្រុងម៉ានីល នៅតែបន្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
អូស្ត្រាលី និងហ្វីលីពីន បានចាប់ផ្តើមការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាសរួមគ្នាលើកដំបូងរបស់ពួកគេនៅសមុទ្រចិនខាងត្បូងកាលពីខែវិច្ឆិកា ក្នុងគោលបំណងប្រឆាំងនឹងប្រទេសចិន ដែលទាមទារដែនសមុទ្រទាំងមូលថាជារបស់ខ្លួន។
សមុទ្រចិនខាងត្បូង គឺជាផ្លូវសម្រាប់ពាណិជ្ជកម្មដែលមានតម្លៃជាង ៣ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយជាប្រភពដ៏សំខាន់នៃភាពតានតឹងរវាងហ្វីលីពីន និងចិន ដែលជាអ្នកជិតខាង។
ទីក្រុងម៉ានីល ចោទទីក្រុងប៉េកាំង ពីការប្រព្រឹត្តអំពើឈ្លានពាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលតុលាការមជ្ឈត្តកម្មអន្តរជាតិនៅទីក្រុងឡាអេ បានសម្រេចកាលពីឆ្នាំ២០១៦ ថាការទាមទាររបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ហ្វីលីពីន មិនមានមូលដ្ឋានផ្លូវច្បាប់ទេ ដោយនោះជាការសម្រេចដែលទីក្រុងប៉េកាំង បានច្រានចោល ហើយចិនបានស្តីបន្ទោសហ្វីលីពីនថារំលោភបំពានលើអ្វីដែលខ្លួននិយាយថាជាទឹកដីរបស់ខ្លួន៕