ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់យុវជនដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រួសរាន់ចុះឈ្មោះដើម្បីបង្កើតជំនាញមួយក្នុងជីវិត ព្រោះថា នឹងអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យ។ លើសពីនេះថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃនេះថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយុវជនបានមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន ២៧,៥៣៧នាក់ ក្នុងនោះស្រី ៩,៥៦៤នាក់។ ការសិក្សាបែងចែកចំនួន ៥៤៦ថ្នាក់ គ្រប់មុខជំនាញ ក្នុងវិស័យទេសចរណ៍ និងកសិកម្មជាដើម។
ឯកឧត្តម បានបញ្ជាក់ថា យុវជនដែលមកចុះឈ្មោះចូលរៀនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែ ពីមូលនិធិជាតិជំនួយសង្គម ក្នុងចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនាខាងមុខ។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់យុវជន ដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សូមអញ្ជើញចុះឈ្មោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅជិតលំនៅឋាន ពីព្រោះការរៀនជំនាញនេះធ្វើឲ្យមានជំនាញមួយក្នុងជីវិត ដែលអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ១,៥លាននាក់ គឺជាការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កម្មវិធីនេះដែរ រដ្ឋាភិបាលនឹងទទួលខុសត្រូវលើការចំណាយទាំងអស់ ដូចជាថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្ររាប់ផ្តល់ការបណ្តុះបណ្តាលជំនាញនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជន ឲ្យកាន់តែប្រសើរជាងមុន។
ពាក់ព័ន្ធកម្មវិធីខាងលើនេះដែរ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ៕









