
យ៉ាងហោចណាស់មនុស្ស ១៥នាក់ រួមទាំងស្ត្រី ៥ នាក់បានស្លាប់ និងមនុស្សប្រហែល ២០ នាក់ផ្សេងទៀតបានរងរបួសនៅពេលរថយន្តដែលពួកគេកំពុងធ្វើដំណើរបានជួបនឹងឧបទ្ទវហេតុនៅរដ្ឋ ម៉ាដយ៉ា ប្រាដេស (Madhya Pradesh) ភាគកណ្តាលរបស់ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះបើយោងតាមនគរបាលមូលដ្ឋានបានបញ្ជាក់ទៅកាន់សារព័ត៌មាន ស៊ីនហួ (Xinhua)។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតំបន់ ប៊ីឈីយ៉ា (Bichhiya) នៃរដ្ឋ ម៉ាដយ៉ា ប្រាដេស ស្ថិតនៅក្នុងស្រុក ម៉ានដ្លា (Mandla) បន្ទាប់ពីអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្ត បន្ទាប់មកក៏បានក្រឡាប់។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ហើយអ្នករបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នគរបាលបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវគេបារម្ភថានឹងកើនឡើងថែមទៀត។
ជនរងគ្រោះជាមនុស្សមកពីភូមិជាមួយគ្នា ហើយត្រឡប់មកពីរៀបចំកម្មពិធី មុនមង្គលការ (Pre Wedding) នៅកន្លែងក្បែរនោះ។ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតាក្នុងប្រទេសឥណ្ឌា ដោយសាររថយន្តផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្នជាដើម៕