
ជំនួសឱ្យការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អ្នកស្រុក និងបណ្ដាប្រទេសជិតខាង ជប៉ុនបានចាប់ផ្តើមជុំទី៤ នៃការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចូលទៅក្នុងមហាសមុទ្រកាលពីថ្ងៃពុធ (២៨ កុម្ភៈ)។
យោងតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ TEPCO ដែលប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរនេះបានឱ្យដឹងថា ទឹកប្រហែល ៧.៨០០ តោន នឹងត្រូវបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលប្រហែល ១៧ ថ្ងៃ ដែលជាសកម្មភាពផ្ទុយនឹងបំណងប្រាថ្នារបស់អ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាង។
អាក្រក់ជាងនេះទៅទៀត ចាប់ពីជុំទី៤នេះ ក្រុមហ៊ុន TEPCO នឹងរំលងដំណើរការនៃការរក្សាទុកទឹកមានសារធាតុពុលបែបនេះជាបណ្ដោះអាសន្ននៅក្នុងធុងធំមួយដើម្បីវាយតម្លៃកម្រិត ទី្រទីចូម មុនពេលបង្ហូរ ប៉ុន្តែក្រុមហ៊ុននឹងត្រួតពិនិត្យកម្រិតទ្រីទីចូម នៅពេលដែលទឹកឆ្លងកាត់បំពង់បង្ហូរជំនួសវិញ។
ការប្រឆាំងនឹងការបង្ហូរទឹកវិទ្យុសកម្មនេះ ត្រូវបានក្រុមពលរដ្ឋជប៉ុនលើកឡើងជាយូរមកហើយ ដែលនាំឱ្យមានការមិនទុកចិត្ត និងកំហឹងកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន៕