ស្ទឹងត្រែង ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបភាព ក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពត្រីមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចូលរួមពីឯកឧត្តម ភឿន កុសល លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោកវេជ្ជបណ្ឌិត ទន វុទ្ធី លោកស្រី អួន ចន្ថា លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោកវេជ្ជបណ្ឌិត តាក សុវណ្ណ តំណាងលោកឱសថការី តឹក ឡេងស៊ឺ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគឥសាន្តខេត្តស្ទឹងត្រែង និងជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគឥសាន្តខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង ចំនួន១៦០នាក់ សហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អភិបាល និងអភិបាលរងក្រុង ស្រុក ចំនួន ៣០នាក់, នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទ២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ពិតជាមានសេចកី្តសោមន្សរីករាយណាស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពត្រីមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង របស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ជាពិសេសកម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ គ្រប់ដណ្តប់បានទូទាំងប្រទេស។ និយាយដោយឡែកក្នុងខេត្តស្ទឹងត្រែង ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំនូវរចនាសម្ព័ន្ធក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋក្នុងខេត្ត គិតមកដល់ពេលនេះ បានចំនួន២៦០លើក និងស្ថិតក្នុងប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងចូលអាណតិ្តទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា គឺប្រទេសយើងឋិតក្នុងសន្តិភាពពេញបរិបូរ ហើយអ្វីដែលសំខាន់នាពេលនេះ គឺកត្តាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ កាលណាយើងមានសុខភាពល្អ យើងបានបម្រើប្រទេសជាតិរបស់យើង និងមានរីកចម្រើន។ ដូច្នេះក្នុងយុទ្ធសាស្រ្តបញ្ចកោណអាណតិ្តទី៧ នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងយុទ្ធសាស្រ្តគោលនយោបាយអាទិភាព គឺវិស័យសុខភាពសាធារណៈ គឺអាទិភាពទី១។
នាឱកាសនោះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
ឯកឧត្តម លេង ផាលី បានបន្តថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៨ កុម្ភៈ ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១៨៦២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៥៩,៦៧៣ នាក់ (ដប់បីលាន ដប់ប្រាំម៉ឺន ប្រាំបួនពាន់ ប្រាំមួយរយ ចិតសិបបី នាក់) គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល
៦៥៧,៩៨៣,៦៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន កៅសិបប្រាំបីម៉ឺន បីពាន់ ប្រាំមួយរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,១៦៤ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនមួយរយហុកសិបបួនដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី៕ អត្ថបទ ៖ រដ្ឋា
















