ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា នាពេលខាងមុខនេះ ក្រសួងនឹងរៀបចំដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់បឹងទន្លេសាបខេត្តកំពង់ធំ ដែលនឹងអញ្ញើញអ្នកសារព័ត៌មានពីស្ថាប័ននានា ដើម្បីទៅជួបសំណេះសំណាលជាមួយប្រជានេសាទ ជួបមន្រ្តីជំនាញ ដើម្បីបានសម្ភាសន៍ដោយផ្ទាល់ ព្រមទាំងផ្តិតយករូបភាពនៅទីតាំងជាក់ស្តែងតែម្តង។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្តាយ នាល្ងាចថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដើម្បីបញ្រ្ជាបឲ្យកាន់តែទូលំទូលាយអំពីរឿងនេះ ក្រសួងនឹងចំជាដំណើរទស្សនកិច្ច ដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន បានជួបជាមួយប្រជានេសាទ បានជួបជាមួយមន្រ្តីជំនាញនិងកងកម្លាំងចំរុះដែលប្រចាំការនៅតំបន់នោះ ផលិតព័ត៌មានដើម្បីរាយការណ៍ជូនទៅដល់សាធារណៈបានជ្រាបអំពីស្ថានភាព និងជីវភាពរស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ពាក់ព័ន្ធគម្រោងដំណើរទស្សនកិច្ចខាងលើនេះ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់លើបណ្តាញសង្គមនានា ចំពោះករណីដាក់របាំងសាច់អួន និងលប ដែលមានសញ្ញាព្រួញប្រទាក់ក្រឡាគ្នាដ៏មមាញឹកនៅបឹងទន្លេសាប ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហើយបញ្ហានេះ ក៏ត្រូវបានមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជាឧបករណ៍នេសាទស្របច្បាប់ ដែលទំហំក្រឡា និងប្រវែងរបាំងសាច់អួនទាំងអស់នោះ គឺធ្វើឡើងស្របទៅតាមច្បាប់កំណត់របស់រដ្ឋបាលជលផល៕
អត្ថបទ ៖ ឈិត បូរ៉ាវី









