កំពង់ចាម ៖ ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទិ្ធជំទង់ និងនវមេដឹកនាំកាយរឹទិ្ធ នៃកងឯកភាពវិទ្យាល័យ ហ៊ុន សែន កងតាណឹង និងកងឯកភាពវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ចំនួន ១៤២នាក់ ស្រី៨៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា។
លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីបេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា គាំទ្រដល់ស្តង់ដាសាលារៀនគំរូ និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ ឱ្យរៀបចំនូវកម្មវិធីគាំទ្រស្តង់ដាសាលារៀនគំរូ មានដូចជា៖ ទី១-រៀបចំបង្កើត “ក្លឹបកាយរឹទ្ធិល្អ” នៅតាមសាលារៀនគំរូ ដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញឌីជីថល និងជំនាញបច្ចេកទេស។ ទី២-ពង្រឹង “រចនាសម្ព័ន្ធកងល្បាត” នៅតាមសាលារៀនគំរូ ដើម្បីជំរុញដល់ការសិក្សារបស់កុមារ និងយុវជនទទួលបាននូវលទ្ធផលល្អ ឥរិយាបថ សីលធម៌កុមារ និងយុវជន។ ទី៣៖ រៀបចំផែនការសកម្មភាព “ផ្សព្វផ្សាយក្លឹបកាយរឹទិ្ធល្អ និងពង្រឹងប្រព័ន្ធកងល្បាត” ដែលជាត្រីវិស័យតម្រង់ទិសដល់មន្រ្តីជំនាញ មេដឹកនាំកាយរឹទិ្ធ និងគ្រូទទួលបន្ទុកកិច្ចការកាយរឹទិ្ធកម្មនូវថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតាមគ្រឹះស្ថានសិក្សា៕ ដោយ ៖ គង់ រ៉េន














