
គ្រួសារនៅភាគខាងជើងតំបន់ហ្កាហ្សា បានទទួលទានដើមដំបងយក្សជំនួសបាយ ដោយសារតែការស្រេកឃ្លាន និងខ្សត់ស្បៀងអាហារ ។
លោក Marwan Al-Awadeya ដែលជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ពួកយើងត្រូវតែទទួលទានដើមដំបូងយក្ស ដោយសារតែគ្មានជម្រើសផ្សេងទៀតនោះទេ ។
លោកនិយាយពេលទទួលទានដើមដំបងយក្សថា ពួកយើងទទួលទានដើមដំបងយក្សទាំងមានបន្លា និងអត់បន្លា ។ ពួកយើងឲ្យក្មេងៗទទួលទានវាផងដែរ ។ ក្មេងស្រីតូចម្នាក់នេះ ទទួលទានវា ជំនួសទឹកដោះគោ និងជំនួសស៊ុត ។
កាលពីថ្ងៃពុធម្សិលមិញ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood បាន និយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត ។
ដោយឡែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣ម៉ឺននាក់ ខណៈយោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៧៦ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ៕