
ប្រធានាធិបតីប្រេស៊ីលលោក លី្វស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា ( Luiz Inacio Lula da Silva) កាលពីថ្ងៃពុធ បានជំរុញពិភពលោកឲ្យធ្វើសកម្មភាពឲ្យឆាប់រហ័សទៅលើប្រទេសហៃទី នៅឯកិច្ចប្រជុំកំពូលកោះរ៉ាអ៊ីប ជាទីដែលកិច្ចព្រមព្រៀងនយោបាយ ត្រូវបានប្រកាសអំពីលទ្ធភាពមធ្យោបាយឆ្ពោះទៅប្រទេសដែលហែកហួរដោយវិបត្តិនេះ។
ហៃទី ដែលជាប្រទេសក្រីក្របំផុតនៅអឌ្ឍគោលលោកខាងលិច បានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំជាមួយនឹងក្រុមជនអន្ធពាលប្រដាប់អាវុធ បានកាន់កាប់ផ្នែកខ្លះនៃប្រទេស ហើយបានបង្កអំពើហិង្សាដ៏ឃោរឃៅ ដែលបានធ្វើឲ្យសេដ្ឋកិច្ច និងប្រព័ន្ធសុខភាពសាធារណៈរបស់ខ្លួន ធ្លាក់ក្នុងស្ថានភាពយ៉ាប់ យ៉ឺនយ៉ាងខ្លាំង។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសនេះ ក៏ទទួលរងនូវភាពចលាចលយ៉ាងទូលំទូលាយផងដែរ ខណៈដែលមនុស្សរាប់ពាន់នាក់ បានដើរតាមផ្លូវ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី អារៀល ហែនរី (Ariel Henry) ចុះចេញពីតំណែង ស្របតាមកិច្ចព្រមព្រៀងនយោបាយ ដែលបានបង្កើតឡើងនៅខែ ធ្នូ ឆ្នាំ ២០២២។
លោកលូឡា បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលនៃសហគមន៍ការ៉ាអ៊ីប (CARICOM) នៅទីក្រុងចចថោន (Georgetown) ប្រទេសហ្គីយ៉ានថា៖«នៅក្នុងប្រទេសហៃទី យើងត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនដែលហែកហួរដោយសោកនាដកម្ម»។
កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បានចាប់ផ្តើមការអំពាវនាវសុំជំនួន៦៧៤ លានដុល្លារសម្រាប់គម្រោងមនុស្សធម៌ នៅក្នុងប្រទេសហៃទី ដែលបច្ចុប្បន្ន ៤៥ភាគរយនៃប្រជាជន កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀង។
នៅក្នុងខែមករាតែមួយ មនុស្សជាង ១.១០០ នាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ពង្រត់ នេះបើយោងតាមអង្គការសហប្រជាជាតិ។