
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters រដ្ឋមន្ត្រីសុខាភិបាលថៃ បានប្រាប់ថា ប្រទេសថៃនឹងហាមឃាត់ការប្រើប្រាស់កញ្ឆាកម្សាន្តសប្បាយ នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែនៅតែបន្តអនុញ្ញាត សម្រាប់គោលបំណងវេជ្ជសាស្រ្ត។
សូមរំលឹកថា ថៃបានក្លាយជាប្រទេសដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលបានលុបចោលទោសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងកញ្ឆា ដោយដំបូងឡើយការលើកលែងនោះ គឺសម្រាប់ការប្រើប្រាស់ជាឱសថ ក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មកសម្រាប់ការប្រើប្រាស់កម្សាន្ត នៅឆ្នាំ២០២២។
ការសម្រេចនោះបង្កើតបាននូវឧស្សាហកម្មមួយដែលត្រូវបានគេព្យាករណ៍ថា មានតម្លៃរហូតដល់ ១,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ខណៈដែលហាងកញ្ឆារាប់ម៉ឺនបានកើតឡើងព្រោងព្រាត រួមជាមួយនឹងកន្លែងស្ប៉ាដែលមានខ្លឹមសារពាក់ព័ន្ធនឹងកញ្ឆា ភោជនីយដ្ឋាន និងពិធីបុណ្យនានា ។
ក្រុមអ្នករិះគន់និយាយថា ច្បាប់មួយចំនួនប្រញាប់ប្រញាល់ចេញ និងអនុម័ត ក្នុងរង្វង់រយៈពេលមួយសប្តាហ៍ ជុំវិញច្បាប់លុបចោលទោសព្រហ្មទណ្ឌនោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cholnan Srikaew (ឈុលណាន ស៊ីកែវ) បាននិយាយថា «បើគ្មានច្បាប់គ្រប់គ្រងកញ្ឆាទេ វានឹងត្រូវប្រើប្រាស់ដោយមិនត្រឹមត្រូវ» ដោយការលើកឡើងនេះសំដៅជាពិសេសទៅលើការប្រើប្រាស់បែបកម្សាន្ត។ លោកបានបន្តថា៖ «ការប្រើប្រាស់កញ្ឆាមិនត្រឹមត្រូវ មានឥទ្ធិពលអវិជ្ជមានដល់ក្មេងៗជនជាតិថៃ»៕