
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវរបស់អ៊ីរ៉ង់ ចូលទៅក្នុងអវកាស ដែលនឹងអាចស្កេនយកឋានលេខារបស់អ៊ីរ៉ង់ ពីគន្លងតារាវិថី ក្នុងចម្ងាយ៥០០គីឡូម៉ែត្រ។ ផ្កាយរណបស្រាវជ្រាវ Pars 1 បញ្ជាពីចម្ងាយ ត្រូវបានបាញ់បង្ហោះដោយយានចម្លង Soyuz របស់រុស្ស៊ី ពីទីតាំងបាញ់បង្ហោះអវកាសវ៉ូស្តូឈ្នី (Vostochny ) មានទម្ងន់១៣៤គីឡូ និងបំពាក់ដោយកាំមេរ៉ា ៣គ្រឿង។
ទីតាំងបាញ់បង្ហោះអវកាស ដែលបានដាក់ចូលក្នុងសេវាកម្ម ក្នុងឆ្នាំ២០១៦ គឺស្ថិតតំបន់ Amur នៃចុងបូព៌ា របស់ប្រទេសរុស្ស៊ី ដែលនៅមិនឆ្ងាយពីព្រំដែនរបស់រុស្ស៊ី ជាមួយ ប្រទេសចិន និងមានចម្ងាយប្រមាណ ១.៥០០គីឡូម៉ែត្រ ពីកំពង់ផែ Vladivostok ។
ការបាញ់បង្ហោះនៅ លើយានចម្លង Soyuz នឹងបង្កើនការព្រួយបារម្ភថ្មីអំពីសម្ព័ន្ធភាពសន្តិសុខកាន់តែស៊ីជម្រៅ រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។ ដោយប្រកាសពីការបាញ់បង្ហោះយាន Pars 1 រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង បាននិយាយថា ផ្កាយរណបនេះ ត្រូវបានបង្ហោះដោយយានបាញ់បង្ហោះអន្តរជាតិ Soyuz ពីប្រទេសរុស្ស៊ី ស្របតាមការអភិវឌ្ឍន៍អវកាស និងអន្តរកម្មអន្តរជាតិ ជាមួយប្រទេសផ្សេងៗ។
សហរដ្ឋអាមេរិក បានរិះគន់ឥតឈប់ឈរចំពោះការបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ ដោយលើកឡើងពីការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយសារតែការយល់ឃើញថា មានទំនាក់ទំនងជាមួយកម្មវិធីមីស៊ីលបាលីស្ទីរបស់ប្រទេសនេះ។