
អាជ្ញាធរប្រទេសបែលហ្សិកបានបំផ្ទុះបំផ្លាញចោលគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានរកឃើញនៅលើឆ្នេរក្បែរក្រុង Koksijde របស់ប្រទេសបែលហ្ស៊ិក។ ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយអង្គភាពកម្ចាត់គ្រាប់បែករបស់យោធា កាលពីថ្ងៃពុធ (ទី២៨ ខែកុម្ភៈ)។
នគរបាលតំបន់បាននិយាយថា គ្រាប់បែកនេះមានទម្ងន់ជាង ២២០ផោន (ជិត ១០០គីឡូក្រាម)។ គ្រាប់បែកនេះត្រូវបានយកចេញយ៉ាងឆ្ងាយពីអគារ មុននឹងត្រូវបានបំផ្ទុះបំផ្លាញចោលដោយសារហេតុផលសុវត្ថិភាព។
ឆ្នេរនេះមានចម្ងាយប្រហែល ១២ម៉ាយល៍ (ជិត ២០គីឡូម៉ែត្រ) ពីតំបន់សមរភូមិ Dunkirk។ របាយការណ៍ក្នុងស្រុកបានឲ្យដឹងថា នេះមិនមែនជារឿងប្លែកនោះទេ ក្នុងការរកឃើញគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ នៅក្នុងតំបន់នោះ។ គ្រាប់បែក ១គ្រាប់ទៀតត្រូវបានរកឃើញនៅលើឆ្នេរនៃប្រទេសបែលហ្ស៊ិក ក្នុងខែឧសភា ឆ្នាំ២០២៣៕