
កាលពីថ្ងៃពុធម្សិលមិញ សាច់ញាតិក្រុមគ្រួសារចំណាប់ថ្នូរដែលត្រូវបានគេចាប់ខ្លួនអស់រយៈពេល ១៤៥ថ្ងៃនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមដង្ហែក្បួនរយៈពេល ៤ថ្ងៃ ចេញពីព្រំដែនហ្កាហ្សា ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដើម្បីអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរ ស្របពេលដែលកិច្ចខិតខំសម្របសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កំពុងធ្វើឡើង ។
ចំណុចចាប់ផ្តើមសម្រាប់ការដង្ហែក្បួននេះ ស្ថិតនៅទីវាលខាងក្រៅភូមិ Kibbutz Re'im ជិតព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប គឺជាទីតាំងមួយដែលមនុស្សចូលរួមពិធីជប់លៀងជាង ៣៥០នាក់ ត្រូវបានសម្លាប់ ឬត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ខណៈពេលនោះដែរ ក្រុមហាម៉ាស់ បានអំពាវនាវឲ្យជនប៉ាឡេស្ទីន ដង្ហែក្បួនទៅកាន់វិហារអ៊ីស្លាម Al-Aqsa នៃទីក្រុងហ្សេរុយសាឡឹម នៅដើមខែនៃបុណ្យរ៉ាម៉ាដាន ដោយបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងការចរចាកំពុងបន្តសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលប្រធានាធិបតីអាមេរិក លោក Joe Bidenសង្ឃឹមថានឹងប្រព្រឹត្តទៅនៅពេលនោះ ។
ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyehបានកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Bidenដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ យ៉ាងឆាប់នៅសប្តាហ៍ក្រោយសម្រាប់បទឈប់បាញ់ក្នុងអំឡុងខែតមអាហាររ៉ាម៉ាដាន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនាខាងមុខនេះ ៕