
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី តាយីប អេរដូហ្គែន ( Tayyip Erdogan) កំពុងស្វែងរកមធ្យោបាយដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់តុលាការធម្មនុញ្ញរបស់ប្រទេសទួរគី ដែលជំរុញដោយសេចក្តីសម្រេចរបស់ខ្លួនក្នុងការដោះលែងសមាជិកសភាបក្សប្រឆាំងដែលជាប់ពន្ធនាគារ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ និងសមាជិកសភាពីររូប នៅក្នុងសម្ព័ន្ធភាពគ្រប់គ្រងនេះ។
តុលាការកំពូលរបស់ប្រទេសទួរគី បានសម្រេចកាលពីខែតុលាថា ការជាប់ពន្ធនាគារជាបន្តរបស់ លោក Can Atalay បានរំលោភលើសិទ្ធិរបស់គាត់ ក្នុងការកាន់តំណែង បន្ទាប់ពីគាត់ត្រូវបានបោះឆ្នោតឲ្យសភាចេញពីបន្ទប់ឃុំឃាំងរបស់គាត់ នៅក្នុងការបោះឆ្នោតសកល នៅខែឧសភា។
លោក Atalay ត្រូវបានកាត់ទោសក្នុងឆ្នាំ ២០២២ ឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំសម្រាប់ការព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោកអេរដូហ្គែន ដោយរៀបចំការតវ៉ាថ្នាក់ជាតិ ក្នុងឆ្នាំ ២០១៣។ មេធាវីវ័យ ៤៦ ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់នេះ។
លោកបានប្តឹងឧទ្ធរណ៍ទៅតុលាការធម្មនុញ្ញដោយប្រើ «សំណើជាលក្ខណៈបុគ្គល» ដែលជាយន្តការមួយដែលបង្កើតឡើងដោយវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១០ ដែលអនុញ្ញាតឲ្យពលរដ្ឋដាក់ញត្តិទៅតុលាការកំពូលដោយផ្ទាល់លើបញ្ហាសិទ្ធិ។
សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការដោះលែងគាត់ បានបង្កឲ្យមានវិបត្តិតុលាការ នៅថ្ងៃទី៨ ខែវិច្ឆិកា នៅពេលដែលតុលាការកំពូលរបស់ប្រទេសទួរគី បាននិយាយថា ខ្លួននឹងមិនទទួលស្គាល់សេចក្តីសម្រេចនេះទេ ហើយបានដាក់ពាក្យប្តឹងព្រហ្មទណ្ឌប្រឆាំងនឹងចៅក្រម ដែលបានចេញសេចក្តីសម្រេចនេះ។