ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រកាសថា គម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ជាគម្រោងអាទិភាពដែលក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។
មានប្រសាសន៍នាឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងឆ្នាំ២០២៣ ដោយបានឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។
ជាមួយនឹងការណែនាំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងជំរុញដល់កិច្ចសហការរវាងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ រួមទាំងភាគីពាក់ព័ន្ធលើការសិក្សាលម្អិត ដើម្បីឈានទៅការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន។
នាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងនាមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងខិតខំយឮទាក់ទាញធុរជន និងវិនិយោគិនបរទេស ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញអភិវឌ្ឍវិស័យនេះឱ្យកាន់តែទទួលបានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។
គម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រហែល ៦២គីឡូម៉ែត្រ។ គម្រោងនេះ នឹងមានស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣.៣គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ៕ ដោយ ៖ ឧត្ដម










