
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយប្រាប់ប្រទេសសម្ព័ន្ធមិត្តយោធាណាតូថា ពួកគេនឹងប្រឈមជម្លោះនុយក្លេអ៊ែរ បើសិនជាពួកគេហ៊ានបញ្ជូនទាហានទៅកាន់អ៊ុយក្រែន ហើយរុស្ស៊ី ត្រូវតែពង្រឹងយោធាភូមិភាគខាងលិចរបស់ខ្លួន ក្រោយហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកសម្ព័ន្ធមិត្តមួយនេះ ។
គួរឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ បាននិយាយថា ពួកគេគ្មានបំណងបញ្ជូនទាហានជើងទឹកទៅកាន់អ៊ុយក្រែននោះទេ ក្រោយបារាំង និយាយបង្ហើបឲ្យដឹងថាពីលទ្ធភាពនៃការបញ្ជូនទ័ពទៅធ្វើសង្រ្គាមជាមួយរុស្ស៊ីនៅអ៊ុយក្រែន ។
នៅក្នុងសុន្ទរកថារបស់រដ្ឋនៅមុនការបោះឆ្នោតនៅខែក្រោយដែលលោកប្រាកដណាស់ថានឹងឈ្នះ លោក Putin បានសាទរផងដែរ ដល់ការសាមគ្គីជាតិរបស់រុស្ស៊ី ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ។
ថ្លែងទៅកាន់កិច្ចប្រជុំនៃសមាជិកសភា និងមន្ត្រីកំពូលៗដែលបានចាក់ផ្សាយតាមទូរទស្សន៍ទូទាំងប្រទេស លោក Putin បានថ្លែងថា រុស្ស៊ីកំពុងការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន និងការពារជនរួមជាតិរបស់យើង នៅអ៊ុយក្រែន ៕