
ក្រុងគីរីយ៉ាត ស្ម៉ូណា(Kiryat Shmona) ជាក្រុងមួយនៅតំបន់ខាងជើងប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅតាមខ្សែព្រំដែនបណ្ដោះអាសន្នជាមួយប្រទេសលីបង់នោះ កំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែច្រើនឡើងៗខណៈជម្លោះនៅតែបន្ដរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាប្រដាប់អាវុធលីបង់។
ក្រុងគីរីយ៉ាត ស្មូណា (Kiryat Shmona) ដែលមានប្រជាជនប្រហែលជា ២៤.០០០នាក់ ងាយប្រឈមនឹងគ្រោះថ្នាក់ពីការវាយប្រហាដោយគ្រាប់រ៉ូកែត និងកាំភ្លើងត្បាល់ និងការគំរាមកំហែងបែបនេះ កាន់តែខ្លាំងឡើងៗ នៅទូទាំងតំបន់ព្រំដែន តាំងពីថ្ងៃទី៨តុលាមកម៉្លេះ។ ដូច្នេះ បទបញ្ជាជម្លៀសមនុស្សត្រូវបានផ្សព្វផ្សាយ ហើយអ្នកស្រុកក៏បានចាកចេញទៅស្នាក់នៅតាមសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងទៀតផងដែរ។
ព្រំដែនលីបង់-អ៊ីស្រាអែល ត្រូវគេមើលឃើញមានភាពតានតឹងកាន់តែខ្លាំងឡើងៗ តាំងពីថ្ងៃទី៨តុលាឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធហេសប៊ូឡាលីបង់ បានបាញ់រ៉ូកែតរាប់សិបគ្រាប់ទៅលើប្រទេសអ៊ីស្រាអែលដើម្បីគាំទ្រការវាយប្រហារបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីមួយថ្ងៃមុននោះ ហើយភ្លាមៗនោះ អ៊ីស្រាអែលបានឆ្លើយតបវិញដោយបាញ់កាំភ្លើងធំធុនធ្ងន់ទៅលើប្រទេសលីបង់ភាគអាគ្នេយ៍។
យោងតាមប្រភពសន្ដិសុខលីបង់បានអោយដឹងកាលពីថ្ងៃច័ន្ទថា ការអរិភាពរវាងក្រុមហេសប៊ូឡា និងអ៊ីស្រាអែល បានសម្លាប់មនុស្ស៣១៦នាក់ នៅខាងប្រទេសលីបង់ ក្នុងនោះរួមមានសមាជិកក្រុមហេសប៊ូឡា២១៤នាក់ និងជនស៊ីវិល៥៩នាក់ផងដែរ។
កងពលតូច អាល់កាសាំ (Al-Qassam) ជាអង្គភាពយោធារបស់ហាម៉ាស កាលពីថ្ងៃពុធបានអះអាងថា បានបាញ់មីស៊ីល៤០គ្រាប់ចេញពីភាគខាងត្បូងលីបង់ទៅតំបន់ខាងជើងក្នុងប្រទេសអ៊ីស្រាអែល ដោយមីស៊ីលមួយចំនួនត្រូវបានគេបាញ់ទៅលើក្រុងគីរីយ៉ាត ស្មូណា និងបានធ្លាក់ចំអគារអ្នកស្រុកមួយខ្នង
ផងដែរ។
ក្រុងគីរីយ៉ាត ស្មូណា គឺជាតំបន់មួយក្នុងតំបន់កសិកម្មសំខាន់ៗជាច្រើន ក្នុងប្រទេសដែលមាន វាលធញ្ញជាតិ កសិដ្ឋានវារីវប្បកម្ម និង ចំការជាច្រើន ប៉ុន្ដែសកម្មភាពកសិកម្មភាគច្រើន ត្រូវបានផ្អាកដោយ សារតែការព្រួយបារម្ភពីបញ្ហាសន្ដិសុខ៕