
បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមធ្វើពិធីជប់លៀងមុនរៀបមង្គលការយ៉ាងអធិកអធម សម្រាប់កូនប្រុសរបស់លោក ដោយការផ្តល់អាហារដល់មនុស្សជាង ៥០.០០០នាក់ នៅក្នុងទីក្រុងកំណើតរបស់លោក ខណៈដែលការប្រារព្ធពិធីដ៏រីករាយយ៉ាងឱឡារិក នៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ពិភពលោក។
នាយកប្រតិបត្តិបច្ចេកវិទ្យាសកល មហាសេដ្ឋីឧស្សាហកម្ម តារាបូលីវូដ តារាល្បី និងអ្នកនយោបាយជាច្រើនរូប ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅនៅថ្ងៃទី១ ខែមីនា ដើម្បីចូលរួមការពិធីជប់លៀងអបអរដ៏ធំរយៈពេល ៣ថ្ងៃដែលរៀបចំដោយលោក Mukesh Ambani ដោយលោកមហាសេដ្ឋីកំពុងសង់វត្តសាសនាហិណ្ឌូដ៏ធំអស្ចារ្យ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
យោងតាមបញ្ជីមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងលោក Ambani វ័យ ៦៦ឆ្នាំ ជាប្រធានក្រុមហ៊ុនលំដាប់យក្ស Reliance Industries ដែលមានចាប់ពីប្រេងទៅទូរគមនាគមន៍ គឺជាអ្នកមានបំផុតជាងគេបំផុតនៅអាស៊ី ដោយមានទ្រព្យសម្បត្តិតម្លៃជាង ១១៤ពាន់លានដុល្លារអាមេរិក។
កាលពីល្ងាចថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) លោក Ambani និងភរិយា លោកស្រី Nita រួមជាមួយកូនប្រុសរបស់អ្នកទាំង២ ឈ្មោះ Anant និងគូដណ្តឹងនាង Radhika Merchant បានចាប់ផ្តើមពិធីជប់លៀងរយៈពេល ៣ថ្ងៃ សម្រាប់អ្នកភូមិ នៅតំបន់ Reliance Township ក្នុងទីក្រុងកំណើតរបស់លោក គឺទីក្រុង Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។
លោក Anant អាយុ ២៨ឆ្នាំដែលមានតួនាទីផងដែរជានាយកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុន Reliance ត្រូវបានគេរំពឹងថា នឹងរៀបការជាមួយអ្នកនាង Merchant អាយុ ២៩ឆ្នាំ ដែលជាកូនស្រីរបស់ឧស្សាហករម្នាក់ នៅចុងឆ្នាំ២០២៤ នេះ៕