ឥណ្ឌូនេស៊ី៖ ប្រជាជនឥណ្ឌូនេស៊ីបានព្រងើយកន្តើយ ចំពោះការព្រមានផ្នែកសុខភាពរបស់ក្រសួងសុខាភិបាល ក្នុងការទិញស្តុកទុកឱសថព្យាបាលវីរុស COVID-19 ដែលគាំទ្រដោយក្រុមអ្នកនយោបាយឈានមុខ និងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈមានការរីករាលដាលនៃវីរុសនៅពាសពេញប្រទេស។
អាជ្ញាធរកំពុងរាយការណ៍ពីការស្លាប់រាប់រយនាក់ជារៀងរាល់ថ្ងៃ ខណៈប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោកព្យាយាមទប់ស្កាត់ការផ្ទុះឡើងដ៏អាក្រក់បំផុត ចាប់តាំងពីការរាតត្បាតវីរុសចាប់ផ្ដើម។ ឱសថស្ថាននានានៅទូទាំងប្រទេសបានអស់ឱសថ Ivermectin ដែលត្រូវបានប្រើជាធម្មតាក្នុងការព្យាបាលប្រឆាំងប៉ារ៉ាស៊ីតផ្សេងៗ។ លោក Yoyon ប្រធានក្រុមលក់ឱសថនៅផ្សារមួយកន្លែង ក្នុងរដ្ឋធានីហ្សាកាតានិយាយថា អ្នកដែលមកទិញឱសថ បង្ហាញរូបឱសថក្នុងអេក្រង់ទូរស័ព្ទនូវឱសថ Ivermectin ថា អាចព្យាបាលវីរុស COVID-19 បាន។
លោកនិយាយថា កង្វះខាតឱសថនេះបានជំរុញឱ្យតម្លៃឡើងថ្លៃពី ១៧៥,០០០ ទៅ ៣០០,០០០រូពី (១២ដុល្លារទៅ ២១ដុល្លារអាមេរិក) ក្នុងមួយដប។ លោកបានបន្ថែមថា យើងអស់ការផ្គត់ផ្គង់ហើយនៅពេលនេះ បន្ទាប់ពីមានមនុស្សជាច្រើនបានមកទិញ។ អ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក និងនិយ័តករឱសថជាច្រើន រួមទាំងប្រទេសឥណ្ឌូនេស៊ីខ្លួនឯងផ្ទាល់បានបញ្ជាក់ថា ខ្វះភស្តុតាងដែលអាចជឿទុកចិត្តបានដើម្បីបង្ហាញថា ឱសថនេះមានប្រសិទ្ធភាពប្រឆាំងវីរុស COVID-19៕
អត្ថបទ៖ ប៊ុនថន