
នាយករដ្ឋមន្ត្រីប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បាននិយាយថា ប្រទេសរបស់ខ្លួនមិនបានច្រានចោលការដាក់បម្រាមលើផលិតផលកសិកម្មពីប្រទេសរុស្ស៊ីនោះទេ ដោយការលើកឡើងបែបនេះ កើតមានឡើងក្នុងជំនួបជាមួយសមភាគីរបស់លោកពីប្រទេសឡាតវីដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាសូវី និងដែលបានអនុវត្តការហាមប្រាមបែបនេះរួចហើយ។
មិនខុសពីប្រទេសអឺរ៉ុបភាគច្រើនដែរ ប៉ូឡូញត្រូវបានរួបរឹតដោយការតវ៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកសិករធ្វើបាតុកម្មប្រឆាំងនឹងបទប្បញ្ញត្តិបរិស្ថានរបស់សហភាពអឺរ៉ុប (EU) និងអ្វីដែលពួកគេនិយាយថា គឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីអ៊ុយក្រែន គិតចាប់តាំងពីប្លុកនេះបានលើកលែងពន្ធលើការនាំចូល ក្នុងឆ្នាំ២០២២។
តែទោះយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ផលិតផលកសិកម្មពីរុស្ស៊ី និងបេឡារុស ក៏កំពុងធ្វើឲ្យទីផ្សារខូចសណ្ដាប់ធ្នាប់ផងដែរ។
លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រទេសឡាតវីបានសម្រេចអនុវត្តការដាក់ទណ្ឌកម្មលើការនាំចូលផលិតផលកសិកម្មពីរុស្ស៊ី។ យើងនឹងវិភាគករណីរបស់ឡាតវី ហើយខ្ញុំមិនច្រានចោលនោះឡើយដែលថា ប៉ូឡូញនឹងចាត់វិធានការសមស្របណាមួយ»។
ជាមួយគ្នានេះ លោក Tusk គ្រោងនឹងជួបមេដឹកនាំកសិករ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ៕