
រដ្ឋអាជ្ញាលោក Oumar Mahamat Kedelaye នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកនយោបាយប្រឆាំងរបស់ប្រទេសឆាដ លោក Yaya Dillo ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) ក្នុងហេតុការណ៍បាញ់ការបាញ់ប្រហារតគ្នាជាមួយកងកម្លាំងសន្តិសុខ។
សាក្សីរបស់សារព័ត៌មាន Reuters បាននិយាយថា គេបានឮស្នូរកាំភ្លើងធុនធ្ងន់ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានី N'Djamena (យ៉ាមេណា) ក្បែរទីស្នាក់ការកណ្តាលនៃគណបក្សប្រឆាំងរបស់លោក Dillo បន្ទាប់ពីមនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាមុននោះ នៅជិតអគារទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ប្រទេស។
អំពើហិង្សាបានផ្ទុះឡើង ចំពេលមានភាពតានតឹង នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលត្រូវបានកំណត់ នៅខែឧសភា និងខែមិថុនា ដោយការបោះឆ្នោតនេះអាចនឹងធ្វើឲ្យរដ្ឋអាហ្វ្រិកកណ្តាលមួយវិលទៅរកការគ្រប់គ្រងតាមបែបរដ្ឋធម្មនុញ្ញវិញ ពោលគឺមានរយៈពេល ៣ឆ្នាំបន្ទាប់ពីអាជ្ញាធរយោធាបានដណ្តើមអំណាច។
សាក្សីរបស់សារព័ត៌មាន Reuters បានប្រាប់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋធានីបានវិលទៅរកភាពស្ងប់ស្ងាត់វិញ ហើយអ្នកស្រុកបានវិលត្រឡប់ទៅធ្វើការវិញ ទោះបីអ៊ីនធឺណិតដែលត្រូវបានបិទមិនឲ្យប្រើប្រាស់ នៅមួយថ្ងៃមុននេះ នៅតែទាន់មិនត្រូវបានតភ្ជាប់ឡើងវិញក៏ដោយ៕