
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បានជួបជាមួយប្រមុខកងទ័ពស៊ូដង់លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងក្រុងគែរ។
តាមរយៈសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងថា កិច្ចពិភាក្សានានា រួមមានការពិនិត្យឡើងវិញនូវស្ថានភាពដែលកំពុងវិវត្តនៅក្នុងប្រទេសស៊ូដង់ និងការប្រឹងប្រែងក្នុងគោលបំណងដោះស្រាយវិបត្តិដែលកំពុងបន្តមាន។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Sisi ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធ រវាងសន្តិសុខជាតិនៃប្រទេសទាំង២ និង «ការគាំទ្រយ៉ាងពេញទំហឹង» របស់លោក ក្នុងការសម្រេចឲ្យបាននូវស្ថិរភាព និងឯកភាព នៅក្នុងប្រទេសស៊ូដង់។
សូមរំលឹកថា សង្រ្គាមរយៈពេល ១០ខែ នៅស៊ូដង់ រវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដោយបានបង្កឲ្យមានការព្រមានអំពីទុរ្ភិក្ស និងការផ្លាស់ទីលំនៅរបស់មនុស្សរាប់លាននាក់ទាំងនៅក្នុង និងក្រៅប្រទេស៕