រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែសនិយាយថាមនុស្សយ៉ាងហោចណាស់៤៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារកម្ពស់ច្រើនជាន់មួយកន្លែងក្នុងប្រទេសបង់ក្លាដែស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះនៅក្នុងភោជនីយដ្ឋានមួយនៅម៉ោងប្រហែល ២២:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីដាកា(Dhaka)។អណ្ដាតភ្លើង បានរាលដាលយ៉ាងលឿនទូទាំងអាគារ ធ្វើឲ្យមនុស្សរាប់សិបនាក់ជាប់ក្នុងអគារនោះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះ។

រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក សាម៉ានតា ឡាល សេន (Samanta Lal Sen) បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដាកាមេឌីខល ខូលីជ (Dhaka Medical College)។
លោក សេន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យធំក្នុងរដ្ឋធានីនេះ។មនុស្សរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅទីនោះផងដែរ។
យោងទៅតាមកាសែត Daily Bangladesh សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ភោជនីយដ្ឋានកាជីហៃ (Kacchi Bhai) ស្ថិតនៅក្នុងអគារមួយដែលមានកម្ពស់ប្រាំពីរជាន់។
អគារនោះ ក៏មានភោជនីយដ្ឋានផ្សេងទៀត ព្រមទាំងហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទមួយចំនួនផងដែរ។យោងតាម AFP បានឱ្យដឹងថា អ្នកគ្រប់គ្រងភោជនីយដ្ឋាន នេះ លោក Sohelបាននិយាយថា ពួកលោកស្ថិតនៅជាន់ទី៦ នៅពេលឃើញផ្សែងហុយពេញពីជណ្តើរ ។
អគ្គិភ័យនៅតាមអគារពាណិជ្ជកម្ម និងលំនៅដ្ឋានគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។ ជារឿយៗមូលហេតុទាំងនោះត្រូវបានស្តីបន្ទោសលើការយល់ដឹងតិចតួចអំពីសុវត្ថិភាព និងការអនុវត្តន៍បទប្បញ្ញត្តិមិនគ្រប់គ្រាន់៕